ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង នឹង​បើក​ការ​ស៊ើប​អង្កើត​ទង្វើ​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ បំពាន​ច្បាប់​ជាតិ​

បាត់ដំបង​៖ លោក ចាន់ ពិសិដ្ឋ មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ នឹង​ប្រឈមមុខ​វិធានការ​ផ្លូវច្បាប់ ក្នុង​ទង្វើ​លោក​ប្រព្រឹត្ត​បំពាន​ច្បាប់​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​ចូល​កាន់កាប់ និង​លួច​លក់​ទ្រព្យស្បត្តិ​ស្របច្បាប់​របស់​អ្នកដទៃ​។​

​វិធានការ​ផ្លូវច្បាប់​បែប​នេះ​របស់​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ត្រូវបាន​លោក​វរសេនីយ៍ឯក អ៊ឹម កុសល អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លើក​ឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ថា ស្នងការ​នគរបាល​ខេត្ត​នឹង​បើក​ការស៊ើបអង្កេត​លើ​លោក ចាន់ ពិសិដ្ឋ មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ បន្ទាប់​ទទួលរង​កា​ចោទថា បាន​ទន្ទ្រាន​កាន់កាប់ និង​លួច​លក់​ដី​របស់​អ្នកដទៃ ទាំង​រំលោភ​ច្បាប់ ដែល​លោក​ធ្លាប់​ដឹង​។​

​ទង្វើ​ខុស​ច្បាប់​របស់​លោក បាន​លេចឡើង​នៅពេល​អ្នកសារព័ត៌មាន​ស៊ើបអង្កេត​ពី​កម្មសិទ្ធិ​ដី​ស្របច្បាប់​របស់​ក្រុមហ៊ុន អេ​ហ្គ្រី ខ័ល​ឈ័រ ហ្គ្រី​ន​ហ្វៀ​ល ដែលជា​ក្រុមហ៊ុន​រកស៊ី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រាប់​ទសវត្សរ៍ ទើប​បាន​ដឹង​ពី​ទង្វើ​ល្មើស​ច្បាប់​របស់​លោក​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ដូន​បា តាមរយៈ​ការស្រាវជ្រាវ ហើយ​ទទួលបាន​ឯកសារ​ជាច្រើន​។​

​ការស្រាវជ្រាវ​បាន​រកឃើញ​ឯកសា​រទិញ​-​លក់​ដី ចុះ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥ និង​ចុះហត្ថលេខា​ដោយ​លោក អ៊ុក សារឿ​ន មេឃុំ​ឆ្នាល់មាន់ បានបង្ហាញ​ថា តំណា​ភាគី​ក្រុមហ៊ុន​បានសហ​ការ​ជាមួយ​អាជ្ញាធរ​ឃុំ​ឆ្នាល់​មាន់ និង​បាន​ពិនិត្យ​លើ​ទីតាំង​ដី​ជាក់ស្តែង ហើយ​បាន​ដឹង​ពី​បុគ្គល​មួយចំនួន​កំពុង​ធ្វើ​សកម្មភាព​រំលោភ​បំពាន​យក​ដី​ក្រុមហ៊ុន​វិនិយោគ​បរទេស ដែល​ក្នុងនោះ​ក៏​មាន​ឈ្មោះ លោក ចាន់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​នគរបាល ឃុំ​ដូន​បា ផងដែរ​។​

​ចំណែក​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ឃុំ​ដូន​បា​វិញ បាន​រៀបរាប់​ប្រាប់ថា លោក ចាន់ ពិសិដ្ឋ មេ​ប៉ុស្តិ៍​ឃុំ​ដូន​បា កំពុងតែ​កាន់កាប់ និង​បាន​លួច​លក់​ដី​ក្រុមហ៊ុន​លក់​ឯកជន​ទាំង​បំពាន​ច្បាប់​មែន​។​

​តាម​ច្បាប់​ស្តីពី​នគរបាលជាតិ លោក ចាន់ ពិសិដ្ឋ គឺជា​នគរបាល​យុត្តិធម៌ តាមរយៈ​ការបណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​ច្បាប់​ជា​មូលដ្ឋាន ដើម្បី​ចេះ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។​

​អ្នកភូមិ​ដែល​យល់​ច្បាប់ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​ស្គាល់​មេ​ប៉ុស្តិ៍​រូបនេះ បាន​បកស្រាយ​បែប​ចំអក​ថា លោក ចាន់ ពិសិដ្ឋ ជា​អ្នកចេះដឹង​ផ្នែក​ច្បាប់​ម្នាក់​ដែរ តែ​បែរជា​ថ្លើមធំ​ពាសមេឃ ហ៊ាន​ចូល​កាន់កាប់ និង​លួច​លក់​ទ្រព្យសម្បត្តិ​ស្របច្បាប់​របស់​អ្នកដទៃ យ៉ាង​គឃ្លើន និង​កំពុងតែ​ជាន់ឈ្លី​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​វិធាន​ការគោរព​ច្បាប់​ជាតិ​។​

​ចំណែក​ប្រភពព័ត៌មាន​ជាច្រើន បាន​បង្ហើប​ឲ្យដឹង​​ផងដែរ​ថា កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នេះ លោក ចាន់ ពិសិដ្ឋ ក៏​ធ្លាប់បាន​អួត​ក្តែងៗ​ថា រូប​លោក​ពិតជា​មាន​ដី​ស្ថិត​នៅលើ​ដី​ក្រុមហ៊ុន​ឯកជន​ពិតប្រាកដ​មែន ហើយ​បាន​ទិញ​-​លក់ ជាមួយ​អ្នក​ដទៃ ដោយ​មិន​ចាំបាច់​ធ្វើ​លិខិត​ស្នាម​ក៏មានដែរ គ្រាន់តែ​ចរចា​គ្នា គឺ​ប្រគល់​លុយ រួច​ជា​ការ​ស្រេច​។

​លោក ចាន់ ពិសិដ្ឋ មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ដូន​បា អត្តលេខ​២១៨២០ មិនអាច​សុំ​ការបកស្រាយ​បំភ្លឺ​បានទេ នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ក្រោយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាន​ផ្សាយ​ទង្វើ​ល្មើស​ច្បាប់​របស់​លោក​។​

​ពាក់ព័ន្ធ​ករណី​នេះ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​វី​សេនីយ៍​ឯក អុឹម កុសល អ្នកនាំពាក្យ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង នឹង​បើក​ការស៊ើបអង្កេត​ករណី​លោក ចាន់ ពិសិដ្ឋ បាន​ប្រព្រឹត្ត​ទង្វើ​បំពាន​ច្បាប់ ដោយ​ចូល​កាន់កាប់ និង​លួច​លក់​ដី​អ្នកដ​ទទាំង​បំពាន​ច្បាប់​។​

​តាម​តម្រុយ​ទទួលបាន​ពី​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នគរ​ខេត្ត​បាត់ដំបង នឹង​ចាត់​បញ្ជូន​មន្ត្រី​អធិការកិច្ច​ឲ្យ​បើ​ការស៊ើបអង្កេត និង​មាន​វិធានការ​ផ្លូវច្បាប់ លើ​មន្ត្រី​នគរបាល​ជាតិ ដូច​ជា​ឈ្មោះ ចាន់ ពិសិដ្ឋ ដែល​បាន​និង​ប្រព្រឹត្ត​ទង្វើ​បំពាន​ច្បាប់​៕

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *