កណ្ដាល ៖ នៅរសៀលថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម ទទួលបន្ទុកការងារចលនាយុវជន បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មិត្តភាពយុវជនស្រុកល្វាឯមឆ្នាំ២០២២ ក្រោមការផ្ដួចផ្ដើម និងឧបត្ថម្ភគាំទ្រទាំងស្រុងពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ។
ក្នុងនោះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ជូ វណ្ណៈ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម, ឯកឧត្តម រ័ត្ន មុន្នី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំទឹកឃ្លាំង និងឃុំថ្មគរ, និងលោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម។
បន្ទាប់ពីធ្វើការប្រកួតចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ មកដល់ថ្ងៃផ្តាច់ព្រាត់នេះ ជាលទ្ធផល៖
– ជ័យលាភីលេខ១ បានទៅលើក្រុមយុវជនអធិរាជជ្រោយពិសី (ឃុំទឹកឃ្លាំង)
– ជ័យលាភីលេខ២ បានទៅលើក្រុមយុវជនឃុំអរិយក្សត្រ
– ជ័យលាភីលេខ៣ បានទៅលើក្រុមយុវជនឃុំសារិកាកែវ
– ជ័យលាភីលេខ៤ បានទៅលើក្រុមយុវជនឃុំកោះរះ។
សូមបញ្ជាក់ផងដែរថា ពានរង្វាន់នេះ មានក្រុមកីឡាករចូលរួមប្រកួតចំនួន១៧ក្រុម មកពីឃុំចំនួន១៣ទូទាំងស្រុកល្វាឯម ដែលបានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ដោយមានការចូលរួមទស្សនាពីសំណាក់បងប្អូនប្រជាពលរដ្ឋស្រលាញ់កីឡារបាល់ទាត់យ៉ាងច្រើនកុះករពោរពេញដោយស្នាមញញឹម និងក្ដីសោមនស្សរីករាយក្រោមដំបូលសុខសន្តិភាព។