(ភ្នំពេញ)៖ អតីតសិស្សសាលាបឋមសិក្សាព្រែកប្រាក្រោមមួយក្រុមមានចំនួនជាង៦០នាក់ ដឹកនាំដោយលោកព្រំ ស្រស់ បានរៀបចំកម្មវិធីជួបជុំលោកគ្រូ-អ្នកគ្រូអំឡុងទស្សវត្សន៍៨០-៩០ ដែលធ្លាប់បានបង្រៀនពួកគាត់តាំងពីនៅក្មេងវ័យ ដើម្បីរំលឹកគុណគ្រូដែលបានខិតខំបង្រៀនតាំងពីនៅក្មេងវ័យ ។ កម្មវិធីនេះធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាព្រែកប្រាក្រោមស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២២ នេះ ។
ស្ថិតនៅក្នុងឱកាសនេះលោកព្រំស្រស់ប្រធានក្រុមបានលើកឡើងថា លោកមានការនឹករឭកនិងដឹងគុណគ្រូទាំងអស់អស់ដែលធ្លាប់បានបង្រៀនពួកលោកកាលពីនៅក្មេងៗដែលជាសសរគ្រឹះយ៉ាងរឹងមាំឲ្យពួកគាត់មានការសិក្សារៀនសូត្រ បង្រៀនឱ្យចេះមានក្រមសីលធម៌ជាកូនល្អក្មេងល្អសិស្សល្អ ហើយធំឡើងមានសមត្ថភាព មានជំនាញផ្សេងៗជាដើម ទើបលោកមានគមនិតប្រមូលមិត្តភក្ដិទាំងអស់ដែលធ្លាប់រៀនសាលាជាមួយគ្នានៅជំនាន់នោះ មករៀបចំកម្មវិធីជួបជុំ ព្រមទាំងឧបត្ថម្ភស្បៀងអាហារ និងថវិការផងដែរ ។
ជាមួយគ្នានេះសិស្សរួមសាលាដែលមកចូលរួមផងនោះរួមមាន ៖ លោក និល បូរី , លោក កួន នាងរិទ្ធ
, លោកស្រី រស់ សុខុម និងលោកស្រី ម៉ក់ ស្រីមុំ ក៍បង្ហាញពីចំណាប់ដូចគ្នាជុំវិញការដឹងគុណគ្រូដែលជាមាតាបិតាទី២របស់ខ្លួន ហើយក័ចង់បង្ហាញពីគំរូល្អៗសំរាប់យុវជនទាំងអស់ និងក្មេងៗជំនាន់ក្រោយឲ្យស្គាល់ពីតម្លៃនៃគ្រូបង្រៀន និងចេះដឹងគុណពួកគាត់ប្រកបដោយទឹកចិត្តសប្បុរស ។
ស្របពេលនឹងពិធីនេះ លោកគ្រូ សៀង ហុក និងអ្នកគ្រូ ហឿង លី ក៍បានថ្លែងពីចំណាប់ភ្ញាក់ផ្អើល និងរំភើបឥតឧបមា ដែលអតីតសិស្សដែលពួកគាត់បង្រៀន មានការដឹងគុណ កតញ្ញូ ស្គាល់គុណគ្រូដែលខិតខំបង្រៀនពីក្មេងមក ហើយនេះជាបង្ហាញពីទឹកចិត្តដ៍ល្អរបស់កូនខ្មែរយើង និងជាគំរូល្អវិសេសវិសាលសំរាប់សិស្សជំនាន់ក្រោយៗទៀត ។
សូមជម្រាបថា នេះជាលើកទី១ហើយដែលលោកព្រំ ស្រស់ បានរៀបចំកម្មវិធីនេះឡើង និងបន្តធ្វើជារៀងរាល់ឆ្នាំតទៅមុខទៀត ៕