ព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោក ហាស់ សូបិន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃ គណៈ អភិបាល ខេត្តកំពត បានចូលរួមជាអធិបតីភាព ក្នុងកម្មវិធីផ្សព្វផ្សាយ ស្តីពីការរៀបចំថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានសមាសភាព ចូលរួម មកពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត រតនាគារខេត្ត ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ត្រីទទួលបន្ទុកក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ សរុបចំនួន ២១២ នាក់ នៅសាលសន្និសិតបូកគោសាលាខេត្តកំពត។
លោក ហាស់ សូបិន បានមានប្រសាសន៍ថា ការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ កន្លងមកនៅមិនទាន់មានភាព រលូននៅឡើយ តែងតែជួបបញ្ហា ប្រឈមជាច្រើន ទាំងសមត្ថភាពមន្ត្រី និងធនធានមនុស្ស ។ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនយ៉ាងណាក៏ដោយ ក្នុងនាមអាជ្ញាធរខេត្ត បានខិតខំជុំរុញ ដល់មន្ទីរ អង្គភាពជំនាញ ឲ្យចុះជួយគាំទ្រ តាមរយៈការបណ្តុះបណ្តាល ដល់មន្ត្រី ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យអនុវត្តនូវតួនាទី និងភារកិច្ចបានល្អប្រសើ ។
លោកបានបន្តទៀតថា ខ្ញុំជឿជាក់ថា កម្មវិធីផ្សព្វផ្សាយ ស្តីពីនីតិវិធីបច្ចេកទេស នៃការរៀបចំ ថវិការបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ឆ្នាំ២០២១ នាពេលនេះ នឹងផ្តល់នូវការណែនាំច្បាស់លាស់ ដល់រដ្ឋបាលនីមួយៗ ហើយ រដ្ឋបាលទាំងបីថ្នាក់ មានលទ្ធភាពអាចរៀបចំថវិកាអោយបានត្រឹមត្រូវ និងទាន់ពេលវេលាដែលបានកំណត់ ។
ជាចុងបញ្ចប់លោក បានថ្លែងអំណរគុណ ដល់អស់លោក លោកស្រីដែលមានវត្តមាននៅក្នុងអង្គពិធីនេះ ឱ្យជួបតែពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕