(ស្វាយរៀង)៖ គ្រូពេទ្យឯកជនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីចាក់ថ្នាំបណ្តាលឲ្យក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ ប្រកាច់បែកពពុះមាត់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម។
សមត្ថកិច្ចបានឃាត់ខ្លួនគ្រូពេទ្យឯកជនរូបនេះ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។
គ្រូពេទ្យដែលត្រូវឃាត់ខ្លួនឈ្មោះ វ៉ាត់ ចន្ថន អាយុ៣៦ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។
ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះ ជៀក ណាដេត អាយុ៧ឆ្នាំ ជាសិស្សសាលា ។
បើតាមសមត្ថកិច្ច នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះមានអាការៈឈឺចុកពោះ ក៏ក្រុមគ្រួសារនាំទៅរកពេទ្យដើម្បីពិនិត្យនិងព្យាបាល ។
ក្រោយមកគ្រូពេទ្យឯកជនរូបនេះ បានចាក់ថ្នាំ ឲ្យក្មេងប្រុស តែបែរជាក្មេងប្រុសរូបនេះ មានអាការៈប្រកាច់ខាំអណ្តាតបែកពពុះមាត់បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនគ្រូពេទ្យឯកជនរូបនេះបញ្ជូនមកអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
ចំណែកសពក្មេងប្រុស ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។
មជ្ឈដ្ឋានមួយចំនួន លើកឡើងថា គ្រូពេទ្យឯកជនតាមភូមិស្រុកដាច់ស្រយាលខ្លះ មិនមានវិញ្ញាបនបត្របញ្ជាក់ពីក្រសួងសុខាភិបាល ។
ដើម្បីបើកគ្លីនិកឯកជន អ្វីនោះទេ ចេះតែដើរព្យាបាល និង ចាក់ថ្នាំដល់ប្រជាពលរដ្ឋ រហូតឈានដល់ការស្លាប់ប្រជាពលរដ្ឋ ដូចករណីក្មេងប្រុសអាយុ៧ឆ្នាំ នេះ ជាដើម ។
ប្រជាពលរដ្ឋសង្ឃឹមថា៖ក្រសួងសុខាភិបាល នឹងរឹតបន្តឹងបន្ថែមទៀត ជុំវិញគ្រូពេទ្យឯកជនខ្លះ មិនមានវិញ្ញាបនបត្របញ្ជាក់ពីក្រសួងសុខាភិបាល ដើម្បីប្រកបអាជីវកម្ម៕