(កណ្ដាល) ៖ យុវជននៅក្រុងតាខ្មៅមកពី៥សង្កាត់រួមមាន សង្កាត់រកាខ្ពស់, សង្កាត់សិត្បូ,សង្កាត់តាខ្មៅ, សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឬស្សី ខ១៨ និងខ២៦ សរុបចំនួន១១៨៨ នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងតាខ្មៅដែលកម្មវិធីនេះប្រព្រឹត្តទៅ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ។
ស្ថិតក្នុងឱកាសនេះលោកបណ្ឌិត ម៉ៅ ភិរុណ សមាជិកគណកម្មាធិការកណ្តាល ប្រធានគណកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងតាខ្មៅ បានថ្លែងថា យុវជនយុវតីទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺពិតជាមានសំណាង ហើយគិតសម្រេចបានយ៉ាងត្រឹមត្រូវ ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីបេះដូងដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងនោះគឺយុវជនយុវតីទាំងអស់ត្រូវតាំងចិត្តស្នេហាជាតិ ត្រូវស្នេហាសង្គមជាតិ ស្នេហាប្រជាជន និងស្នេហាបក្ស ដើម្បីឱ្យសាកសមជាសសរទ្រូងប្រទេសជាតិដែលមានសមត្ថភាពនិងមានសក្ដានុពលយ៉ាងពិតប្រាកដ ។
ជាមួយគ្នានេះដែរលោកប្រធានគណបក្ស បានថ្លែងអំពីគុណបំណាច់យ៉ាងធំធេងរបស់គណបក្សប្រជាជនកម្ពុជា គឺសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំកសាងប្រទេសជាតិពីផេះផង់ ឱ្យមានការរីកចម្រើន មានការអភិវឌ្ឍ មានសេដ្ឋកិច្ចលូតលាស់ ពិសេសក្មួយៗជំនាន់ក្រោយមានឱកាសក្នុងការចូលរួមក្នុងការសិក្សាស្វែងយល់ស្រាវជ្រាវជាមួយនឹងបច្ចេកវិជ្ជាថ្មីៗ ដែលទាំងអស់នេះអាចលេចចេញរូបរាងបាន គឺដោយសារការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា * អរគុណសន្តិភាព* ។
មិនតែប៉ុណ្ណោះលោកបណ្ឌិតម៉ៅ ភិរុណ ក៏បានផ្ដាំផ្ញើដល់កូនក្មួយទាំងអស់ឲ្យខិតខំកសាងសមត្ថភាពឡើង ខំរៀនឡើងឡើង ខំធ្វើខ្លួនឱ្យក្លាយទៅជាយុវជនគំរូ មិនសេពគ្រឿងញៀន មិនជក់បារី មិនពាលាអាវាសែ មិនលេងហ្គេមហួសកម្រិត មិនប្រព្រឹត្តទង្វើអបាយមុខផ្សេងៗ ជៀសវាងនូវមិត្តដែលមិនល្អ ចៀសវាងនូវទង្វើទុច្ចរិតទាំងឡាយ ដោយខិតខំរៀនសូត្រធ្វើយ៉ាងណាឲ្យខ្លួនឯងក្លាយជាមនុស្សដែលមានសមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ សាកសមជាយុវជនបក្សប្រជាជនកម្ពុជា សាកសមជាអ្នកដឹកនាំបន្តវេនជំនាន់ទៅមុខតទៅទៀត ៕