ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល អប់រំ​ផ្សព្វផ្សាយ ការយល់ដឹង អំពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​

ខេត្ត​កណ្ដាល​៖ ដើម្បី​ឆ្លើយតប និង​មាន​ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​កាត់បន្ថយ​អត្រា​គ្រោះ ថ្នាក់​ដោយសារ​មីន ឬ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម របស់​កងកម្លាំង​នគរបាលជាតិ ក្រសួងមហាផ្ទៃ មន្ត្រី ដែល​កំពុង​បំពេញ​តួនាទី​តាម​បណ្ដា​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក និង ឃុំ សង្កាត់ ត្រូវតែមាន ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ ដើម្បី​ឆ្លើយតប​តាម​សំណើរ​សុំ​ជួយ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ នៅ​ពេល​គាត់ រាយការណ៍​អំពី មីន ឬ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ហើយ​មន្ត្រី​របស់​យើង​ក៍​ត្រូវ​គិតគូរ​អំពី​សុវត្ថិភាព ផ្ទាល់​ខ្លួន​ផង​ដែរ​។ នៅ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ បាន​រៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល អប់រំ​ផ្សព្វផ្សាយ ការយល់ដឹង អំពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្រោម​អធិបតីភាព​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​ឯកឧត្តម ឧត្តមសេនីយ៍ទោ ជា សណ្តា​ប់ ជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជាតិ​ផ្ទុះ​។​

​មានប្រសាសន៍​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​នេះ ឯកឧត្តម គង់ សោភ័ណ្ឌ បាន​លើកឡើង​ថា វគ្គ​បណ្តុះបណ្តាល​នេះ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នីតិ កាល​ទី​៦ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ត្រឹមត្រូវ មាន​ចក្ខុវិស័យ ច្បាស់លាស់​។​

​ឯកឧត្តម បន្តថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គ​មហា​សនាបតី​តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឱ្យ​ប្រទេស​ជាតិ​ទាំងមូល មាន​សន្តិភាព ឯកភាព​ជាតិ ដែល ប្រទេស​កម្ពុជា​មិន​ធ្លាប់​មាន​ជាង ៥០០​ឆ្នាំ​កន្លងមកហើយ ព្រមទាំង​មាន​ការវិវត្តន៍​រីកចម្រើន និង​សម្រេច​បាន​ការងារ​ធំៗ​ជាច្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដោយ​បាន​ដាក់ចេញ​នូវ​បទបញ្ជា​នានា និង​គោលនយោបាយ​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ទទួល​ផល​ប៉ះពាល់​ពី​ជំងឺ​កូវី​ដ​-១៩ ព្រមទាំង​បាន​ដាក់ចេញ​នូវ​វិធានការ​“​ពាការ​ពារ និង ៣​កុំ​” ជា​យ័ន្ត​ដ៏ ស័ក្ដិសិទ្ធិ ក្នុង​ការទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​ទន្ទឹម​នឹង​នោះ​ផង​ដែរ​ឯកឧត្តម​អភិបាលខេត្ត​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ដល់​នគរ​បាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល បាន​បំពេញ​ការងារ​ទៅតាម តួនាទី ភារកិច្ច នា ពេលកន្លងមក បាន​យ៉ាង​ល្អប្រសើរ ពិសេស​ក្នុង​យុទ្ធនាការ​នៃ​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នា​ពេលកន្លងមក​។​

​ឯកឧត្តម ឧត្តមសេនីយ៍ទោ ជា សណ្តា​ប់ ជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជាតិ​ផ្ទុះ បានឲ្យដឹង​ថា​គោលបំណ​ង​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​ចង់ឱ្យ​សិក្ខាកាម​ទាំងអស់​ស្វែងយល់​អំពី ច្បាប់​ស្ដីពី​អាវុធជាតិផ្ទុះ និង​គ្រាប់រំសេវ អត្តសញ្ញាណ និង​ការវិភាគ និង​វិធានការ​ការពារ​គ្រឿងផ្ទុះ អំពី​ការរាយការណ៍ និង​ការទាក់ទង​ប្រតិបត្តិ​ករ​កំចាត់មីន ព្រមទាំង​ការវាយតម្លៃ​លើ​ភាពគ្រោះថ្នាក់ និង​មិន​គ្រោះថ្នាក់​ពី​សំណល់​គ្រឿងផ្ទុះ ជាពិសេស​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ខ្ពស់​របស់​មន្ត្រីនគរបាល​ជាតិ របស់​ស្នងការដ្ឋាន​រាជធានី​-​ខេត្ត ក្នុង​ការចូលរួម​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​កិច្ច​ការពារ​សំណល់​ជាតិ​ផ្ទុះ​ដែល​សល់​ពី​សង្គ្រាម ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​មគ្គទេសក៍​ដឹកនាំ​ដ៏​ឈ្លាសវៃ ប៉ិនប្រសព្វ ។​

​ឯកឧត្តម ឧត្តមសេនីយ៍ទោ បន្តថា ដើម្បី​ដោះស្រាយ និង​កិច្ច​អន្តរាគមន៍​ឱ្យ​បាន​ទាន់ពេលវេលា ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ជា​យថាហេតុ ដោយសារ​សំណល់​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ កងកម្លាំង​នគរបាល និង​ប្រជាពលរដ្ឋ ត្រូវ​ធ្វើ​ការទំនាក់ទំនង​ដល់​ប្រតិបត្តិ​ករ​សំអាត​មីន កំចាត់​មីន​ជា​បន្ទាន់ សូម​កុំ​ប៉ះពាល់​ឬ​ព្យាយាម​យក​ចំណេះដឹង របស់​យើង​ទៅ​សាកល្បង​គ្រឿងផ្ទុះ​ទាំងនោះ​ជាដាច់ខាត ខណៈពេល​ដែល​យើង​មិនទាន់​មាន​អ្នកជំនាញ ។​

​ឯកឧត្តម ឧត្តមសេនីយ៍ បាន​លើកទឹកចិត្ត និង​សំណូមពរ​ដល់​សិក្ខាកាម​ទាំងអស់ ដែល​បាន​ក្រេប​យក​ចំណេះដឹង និង​ចំណេះធ្វើ នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ យកទៅអនុវត្ត​ការងារ​ឱ្ត​មាន​ប្រសិទ្ធភាព ត្រូវ​ស្ម័គ្រចិត្ត​ធ្វើ​ជា​មន្ត្រី​បង្គោល​ក្នុង​ការផ្សព្វផ្សាយ និង​ចែករំលែក​បន្ត​នូវ​ចំណេះដឹង ព្រមទាំង​ការអនុវត្ត ដែល​ទទួលបាន​ពី​វគ្គ​បណ្ដុះបណ្ដាល​នេះ ជូន​ដល់​មន្ត្រី​ជំនាញ​ជំនាន់​ក្រោយៗ ឬ​អ្នក​ដែល​មិន​ទាន់​បាន​ឆ្លងកាត់​វគ្គ​សិក្សា សូម​ជួយ​ពន្យល់ និង​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន សំដៅ​យល់ដឹង​អំពី​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម បន្ត​ចូលរួម​អនុវត្ត​ការងារ​សំណល់​ជាតិ​ផ្ទុះ​អំពី​សង្គ្រាម ឱ្យ​កាន់តែ​ល្អប្រសើរ និង​បន្ត​ពង្រឹង​សមត្ថភាព​អំពី​សំណល់​ជាតិ​ផ្ទុះ​នៅ​សល់​ពី​សង្គ្រាម និង​ស្វែងយល់​សិក្សា​បន្ថែម​ផងដែរ​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *