​គម្រោង​លើក​កម្រិត​គុណភាព និង​ធ្វើឱ្យ​ប្រសើរ​ឡើង​កំណាត់​ផ្លូវជាតិ​លេខ​២១B គិត​រហូត​មក​ទល់​ពេល​នេះ​វឌ្ឍនភាព​ការងារ​សម្រេច​បាន​៩៥%

​កណ្តាល​៖ ថ្ងៃ​ពុធ ៩​រោច ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​លើក​កម្រិត​គុណភាព និង​ធ្វើឱ្យ​ប្រសើរ​ឡើង​កំណាត់​ផ្លូវជាតិ​លេខ​២១B ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​កណ្តាល មន្ទីរ​សាធារណការ និង​ដឹក​ជញ្ចូន ក្រុមហ៊ុន​សាងសង់ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​។​

​ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ប្រមាណ​៣​គីឡូម៉ែត្រ​ចាប់ពី​ផ្លូវបំបែក ផ្លូវជាតិ​លេខ​២​ដល់​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង ឋិត​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​កណ្តាល មាន​ទទឹង​ផ្លូវ​១១​ម៉ែត្រ ជម្រាល​ទទឹងផ្លូវ​៣% កម្រាស់ Stabilize ២០០​មី​លី​ម៉ែត្រ អ៊ុត​បេតុង​កៅស៊ូ​(AC) កម្រាស់​១៥​សង់ទីម៉ែត្រ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​Stabilizer អនុវត្ត​គម្រោង​ដោយ​នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​នាយកដ្ឋាន​បច្ចេកទេស​សាធារណការ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​យោងតាម​របាយការណ៍​អគ្គនាយកដ្ឋាន​សាធារណការ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គម្រោង​លើក​កម្រិត​គុណភាព និង​ធ្វើឱ្យ​ប្រសើរ​ឡើង​កំណាត់​ផ្លូវជាតិ​លេខ​២១B ដែល​បាន​ចាប់​អនុវត្ត​តាំងពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២១​មក គិត​រហូត​មក​ទល់​ពេល​នេះ វឌ្ឍនភាព​ការងារ​សម្រេច​បាន ៩៥%​ហើយ​។

​គួរកត់សម្គាល់​ផងដែរ​ថា​៖ គ្រឿងចក្រ Stabilizer នេះ​ជា​ជំនួយ​ពី​ប្រទេស​ជប៉ុន អាច​ជួយ​ឱ្យ​កា​សាងសង់​ផ្លូវ​កាន់តែ​មាន​ភាពរឹងមាំ កាត់បន្ថយ​ផលប៉ះពាល់​ចរាច​រណ៏ កាត់បន្ថយ​រយះពេល​សាងសង់ និង​ប្រើប្រាស់​បាន​យូរ ស្រប​តាម​បរិបទ​នៃ​ការដឹកជញ្ជូន​នាពេល​បច្ចុប្បន្ន ។ គ្រឿងចក្រ​ប្រភេទ​នេះ​គឺ​ប្រើប្រាស់​គ្រឹះ​ផ្លូវ និង​ផ្ទៃ​កម្រាល​កៅស៊ូ​ចាស់​ដែល​ខូច​ឡើងវិញ​បាន ចំណេញ​ថវិកា និង​ពេលវេលា​ក្នុង​ការជួសជុល​សាងសង់​ផងដែរ ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *