​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ ទទួល​បាន​សម្ភារៈ និង​ថវិកា​មួយចំនួន​ពី លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ​

ខេត្ត​កណ្តាល​៖ ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២១ លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ប្រធានកិត្តិយស​សមាគម​ន៍​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​សាខា​ក្រសួង​ព័ត៌មាន រួមជាមួយ​លោក​ជំទាវ​ជា​ភរិយា​ថ្នាក់ដឹកនាំ និង​សប្បុរសជន​នានា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ឧបត្ថម្ភ​សិស្ស​អូ​ទី​ស្សឹម នៃ​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ ស្ថិត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​

​លោក ចាន់ សារិន នាយក​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ និង​ជា​ប្រធាន​អង្គការ​HHC បានអោយដឹងថា សាលា​កុមារ​អូ​ទី​ស្សឹម​នៃ​អង្គការ​HHC បាន​បង្កើតឡើង​ក្នុង​រយៈពេល​៩​ឆ្នាំ ហើយ​បាន​ប្រមូល​កុមារ​ពិការភាព ខ្សោយ​សតិបញ្ញា និង​អូ​ទី​ស្សឹម ឱ្យបាន​ចូលរៀន​ស្របតាម​ច្បាប់​អប់រំ​ជាតិ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដោយ​សហការ​ជាមួយ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត មន្ទីរ​ព័ត៌មាន មន្ទីរ​សង្គមកិច្ច ដើម្បី​រៀបចំ​សាលា​កុមារ​អូ​ទី​ស្សឹម បាន​ចំនួន​៥​ទីតាំង ដោយ​ប្រើប្រាស់​ថវិកា​ឧបត្ថម្ភ សម្តេច​ប្រធាន កាកបាទក្រហមកម្ពុជា ព្រមទាំង​ស្ថានទូត​ប៉ូឡូញ ប្រចាំ​ទីក្រុង​បាងកក ស្ថានទូត​សាំង​ហ្គា​ពួរ​ជាដើម​។ ហើយ​សព្វថ្ងៃនេះ​មាន​កុមារ​ពិការ​ខ្សោយ​សតិបញ្ញា និង​អូ​ទី​ស្សឹម បាន​ចុះឈ្មោះ​ចូលរៀន​បាន​ចំនួន​២០៥​នាក់ ស្រី​៦៨ ព្រមទាំង​បាន​ជួយ​បង្រៀន​កុមារ​ដែល​មាន ពិការភាព​ធ្ងន់ធ្ងរ​នៅតាម​ផ្ទះ​បាន​ចំនួន​២៥​នាក់​ផង​ដែរ​។​

​លោក បន្តថា ដោយ​មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា អាណាព្យាបាល និង​សប្បុរសជន​នានា និង​ដោយសារ​សិស្ស ពិការភាព​សតិបញ្ញា និង​អូ​ទី​ស្សឹម មាន​ការកើនឡើង ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ បានប្រែក្លាយ សាលា​អង្គការ​ជំនួយ​នៃ​ក្ដីសង្ឃឹម​សម្រាប់​សហគមន៍​HHC ឱ្យ​ទៅជា​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ កាលពី​ថ្ងៃ​ទី​០៣ ខែ កុម្ភៈ ឆ្នាំ​២០២១ ដែល​អនុញ្ញាត​អោយ​វិទ្យាល័យ​មួយ​នេះ​មាន​វិសាលភាព​ចាប់​ពី​កម្រិត​មត្តេយ្យសិក្សា រហូត​ដល់​មធ្យមសិក្សា​។​

​មានប្រសាសន៍​សំ​ណា​ល និង​សួរសុខទុក្ខ លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ​សាលា ដែល​បាន​យកចិត្តទុកដាក់ ក្នុងការ​មើលថែ និង​ជួយ​បង្រៀន​ដល់​កុមារ​ខ្សោយ​សតិបញ្ញា និង​អូ​ទី​ស្សឹម ព្រោះ​ថា​កុមារ​ខ្សោយ​សតិបញ្ញា និង​អូ​ទី​ស្សឹម ពួកគាត់​មាន​លក្ខណៈខុស​ពី​កុមារ​ធម្មតា ដែល​មិន​ងាយ​ក្នុង​ការគ្រប់គ្រង និង​បង្ហាត់បង្រៀន​ឡើយ ហើយ​ការបង្ហាត់​បង្រៀន​របស់ លោកគ្រូ អ្នកគ្រូ គឺ​ធ្វើ​ដោយ​ការពេញចិត្ត និង​ពោ​ពេញ​ទៅដោយ​ទឹកចិត្ត​ស្រលាញ់​ចេញ​ពី​បេះ​ដូង​។​

​លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ បាន​នាំយក​នូវ​សម្ភារៈ និង​ថវិកា​មួយចំនួន ដែល​បាន​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា ជូន​ដល់​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ ដោយ​ក្នុង​នោះ​រួមមាន​៖ អង្ករ ៥០០​គីឡូក្រាម និង​ថវិកា​១​ម៉ឺន​៨​ពាន់​ដុល្លារ និង​បាន​ឧបត្ថម្ភ​ដល់​លោកគ្រូ អ្នកគ្រូ ក្នុង​ម្នាក់ៗ​ទទួលបាន អាវ​រងា​ចំនួន​១ និង​ថវិកា ៥​ម៉ឺន​រៀល​។​

​បន្ទាប់​មក​គណ​ធិបតី បាទ​អបអរសាទរ​ខួប ៩​ឆ្នាំ ក្នុង​ការបង្កើត​អង្គការ​HHC ហើយ​សព្វថ្ងៃ​នេះ​ប្រែក្លាយជា​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ និង​អញ្ជើញ​ទស្សនាការ​លេង​ល្បែង​កំសាន្ត​នានា ពី​សំណាក់​កុមារ​ខ្សោយ​សតិបញ្ញា និង​អូ​ទី​ហ្សឹម​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *