(ខេត្តកណ្តាល)៖ រសៀលថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល រួមជាមួយ ឯកឧត្ដម កឹម បុរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះសង្កាត់សិត្បូ បានចូលរួមក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយដល់លោកយាយ លោកតាវ័យចំណាស់ ជីវភាពក្រីក្រ គ្មានទីពឹង ចំនួន ៣២០នាក់ មកពីសង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ សង្កាត់ស្វាយរលំ និងសង្កាត់រកាខ្ពស់ ស្ថិតនៅក្នុងបរិវេណវត្តជម្ពូរព្រឹក សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ស្ថិតក្នុងឱកាសនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ សូមពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរតែងតែមានការព្រួយបារម្ភ និងគិតគូអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសជនរងគ្រោះ ជនងាយរងគ្រោះ មួយវិញទៀតថ្មីៗនេះ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ បានអំពាវនាវឲ្យមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនការយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខចំពោះ លោកយាយ លោកតា ចាស់ជរាក្រីក្រ គ្មានទីពឹង ខណៈអំឡុងខែនេះ រហូតដល់ខែកុម្ភៈខាងមុខ អាកាសធាតុនឹងមានការប្រែប្រួល ចុះត្រជាក់ខុសពីធម្មតា ដែលអាចបណ្តាលឲ្យមានការប៉ះពាល់ដល់សុខភាពពួកគាត់។
គោរពអនុវត្តន៍តាមសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់ របស់សម្តេច ,ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានបន្តចាត់ចែងអនុវត្តភ្លាមៗ ដែលជាក់ស្តែងថ្ងៃនេះបាននាំយកអំណោយសម្រាប់ចែកជូនដល់ លោកយាយ លោកតា ចាស់ជរាក្រីក្រគ្មានទីពឹងចំនួន ៣២០នាក់ ដោយក្នុងម្នាក់ៗទទួលបានភួយ១ អាវរងារ១ មី១កេស និងថវិកា ៥ ម៉ឺនរៀល ៕