ករណី​ឃាតកម្ម ដែល​មាន​ការចាប់អារម្មណ៍ ភ្ជាប់​ជាមួយ​រឿង​នយោបាយ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែក​បាន ក្នុងពេល​មិន​ដល់​៤៨​ម៉ោង​!

​វេលា​ម៉ោង​០២:០០​នាទី​អធ្រាត្រ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ច្រកចូល​ផ្សារ​ដើម​ស្រ​ល់ ផ្លូវ​ទន្លេសាប ស្ថិតក្នុង ភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ មាន​ករណី​ឃាតកម្ម កាប់​នឹង​កាំបិតផ្គាក់ បណ្តាល​ឲ្យ ស្លាប់​មនុស្ស​ម្នាក់ ឈ្មោះ ស៊ិន ខុន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​និស្សិត​បេក្ខជន​បណ្ឌិត ស្នាក់នៅ ក្នុង​វត្ត​ចាស់ ផ្លូវ​ទន្លេសាប ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ត្រូវ​បាន​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​យក​កាំបិតផ្គាក់ កាប់​ចំ​ជើង​ខាងស្ដាំ បណ្ដាលឲ្យ​រងរបួស​ធ្ងន់ រយះ​ជិត​ដាច់​ភ្លៅ និង​ស្លាប់​ភ្លាមៗ​ក្បែរ កន្លែងកើតហេតុ ហើយ​ជនសង្ស័យ​ក៏​បាន​គេចខ្លួន​បាត់​។

​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ដំណឹង​នៃ​ការស្លាប់​របស់​ជនរងគ្រោះ ត្រូវបាន​បណ្តាញ​សង្គម Facebook, YouTube, វិទ្យុ និង​សារព័ត៌មាន​មួយចំនួន បាន​យក​ទៅ​ផ្សព្វផ្សាយ ប្រឹង​ទាញ​យក​ករណី​ឃាតកម្ម​នេះ ទៅ​ជា​រឿង​នយោបាយ ដោយសារ ពួក​គេ​គិត​ខុស​ថា ជនរងគ្រោះ​គឺជា​សកម្មជន របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ ហើយ​ក៏​ព្យាយាម​ភ្ជាប់​ការស្លាប់​នេះ ទំលាក់កំហុស​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។ វា​ជា​រឿង​គួរឲ្យ​អស់សំណើច​បំផុត ដែល​មុនពេល​យុវជន​ខាងលើ​នេះ​ស្លាប់ ពួក​អ្នក​ប្រឌិត​រឿង​ខាងលើ មិន​ទាំង​ធ្លាប់​ស្គាល់ ធ្លាប់​ជួប ធ្លាប់​លឺឈ្មោះ ជន​រងគ្រោះ​ផង ស្រាប់តែ​ពេល​ជនរងគ្រោះ​ស្លាប់ ម្នាក់ៗ​ចេញមុខ​ទាញ​ប្រយោជន៍ អត្ថាធិប្បាយ បកស្រាយ ទាញ​រឿង ធ្វើ​ដូច​ស្គាល់​ជនរងគ្រោះ​ច្បាស់​ណាស់ ទាំង​អ្នក​ខ្លះ​នៅតែ​ក្រៅ​ប្រទេស​សោះ ក៏​និយាយ​ចេញ​រឿង​ច្បាស់​ជា​ង​អ្នករស់នៅ​ផ្ទាល់​ជាមួយ​ជនរងគ្រោះ​ទៅទៀត ដែល​ធាតុពិត​ករណីនេះ គឺ​កើត​ចេញពី រឿង​ទំនាស់​បុគ្គល ដោយ​ពុំ​មាន​ពាក់ព័ន្ធ​រឿង​នយោបាយ​ទាល់តែសោះ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ក្រោម​ការ​ដាក់​បញ្ជា​យ៉ាង​ម៉ឹងម៉ាត់ ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​ជំនាញ​របស់​អាវុធហត្ថ រាជធានី​ភ្នំពេញ រួមជាមួយ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ចេញ​ប្រតិបត្តិការ ស្រាវជ្រាវ​ស៊ើបអង្កេត យ៉ាង​យកចិត្តទុកដាក់ រហូត​រកឃើញ​តម្រុយ​កំណត់​មុខសញ្ញា និង​បាន​ចាត់វិធានការ តាម​វិធាន​ជំនាញ តាម​ចាប់​ជនល្មើស មិន​ដល់​៤៨​ម៉ោង​ផង ជនល្មើស​ក៏​ត្រូវបាន​ឃាត់ខ្លួន ហើយ​ការ​ពិត​ក៏​ត្រូវ​បាន​លាតត្រដាង​។​

​តាម​ការរៀបរាប់​របស់​ជនដៃដល់​បានឲ្យដឹងថា ការសម្លាប់​ជនរងគ្រោះ​នេះ គឺ​ខ្លួន​ក៏​មិន​បាន​តាំងចិត្ត​ផ្តាច់ជីវិត ជនរងគ្រោះ​នោះ​ដែរ គឺ​គិត​ត្រឹមតែ​ព្រមាន​ប៉ុណ្ណោះ ព្រោះ​ជនរងគ្រោះ​គឺជា​អ្នកស្នាក់នៅ​ក្នុង​វត្ត​ចាស់ ហើយ​ខ្លួន​មាន​ប្អូន​ប្រកប​របរ​ប៉ះ​កង់​ម៉ូតូ​នៅ​មុខ​វត្ត​ចាស់ ឧស្សាហ៍​មាន​ទំនាស់​ពាក្យសម្តី​ជាមួយ​ជនរងគ្រោះ ពោល​គឺ​ពេលដែល​ជនរងគ្រោះ​ចូល​វត្ត​ពេលយប់ តែងតែ​ត្រូវបាន​គេ​បិទទ្វារ​វត្ត​ចាក់សោ​ចោល ហើយ​ជនរងគ្រោះ​តែង​រករឿង​ប្អូន​របស់​ខ្លួន ដោយ​ចោទ​ប្អូន​ខ្លួន​ថា​ជា​អ្នក​កិប​សោ​ទ្វារ​។ នៅ​យប់កើតហេតុ ជនដៃដល់ កំពុង​នៅ​ជាមួយ​ប្អូន​ខ្លួន​នៅ​មុខ​វត្ត ស្រាប់តែ​ជន​រងគ្រោះ​មកដល់ ក៏​ត្រូវ​គេ​កិប​សោ​ចោល​ទៀត ហើយ​ជនរងគ្រោះ​បានរ​ករឿង​ប្អូន​ខ្លួន​មិន​ឈប់ រហូត​មាន​គេ​មក​បើកទ្វារ​វត្ត​ឲ្យចូល​ទៅហើយ ក៏​ជនរងគ្រោះ​នៅ​មិន​អស់ចិត្ត មិន​ព្រម​ចូល​ក្នុង​វត្ត នៅតែ​បន្ត​រករឿង​ស្តីបន្ទោស​ប្អូន​ខ្លួន​ទៀត ឃើញ​ដូច្នោះ​ខ្លួន​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ក្រៅ​មួយសន្ទុះ ហើយ​ត្រឡប់​មក​វិញ នៅតែ​ឃើញ​ជនរងគ្រោះ​នៅតែ​និយាយ​ដៀមដាម​ស្តីបន្ទោស​ប្អូន​ខ្លួន​មិន​ឈប់ ខ្លួន​ក៏​ដើរ​ទៅ​ផ្ទះ​ជួល​របស់​ខ្លួន នៅ​ក្រោយ​វត្ត និង​បាន​លួច​យក​កាំបិតផ្គាក់​ពី​ផ្ទះ​មិត្តភក្តិ​របស់​ខ្លួន​នៅក្បែរនោះ ហើយ​ដើរ​ត្រឡប់​មក​មុខ​វត្ត​វិញ ដោយ​តាំងចិត្ត​ថា បើ​ជន​រងគ្រោះ​មិន​ឈប់​ឈ្លោះ​ស្តីបន្ទោស​ប្អូន​របស់​ខ្លួន​ទេ ខ្លួន​នឹង​កាប់​ជនរងគ្រោះ​ជា​ការព្រមាន​។ ស្រាប់តែ​ពេល​ខ្លួន​មក​ដល់ ជនរងគ្រោះ​ពិតជា​មិនទាន់​ឈប់​ឈ្លោះ​ស្តីបន្ទោស​ប្អូន​របស់​ខ្លួន​មែន ខ្លួន​ក៏​បាន​ចូល​ទៅ​កាប់​ជនរងគ្រោះ ត្រូវ​មួយ​កាំបិត​ចំ​ស្មា ហើយ​ជនរងគ្រោះ​ក៏​រត់ ខ្លួន​ក៏​ដេញ​តាម​កាប់​ជនរងគ្រោះ​បន្ត ដោយ​កាប់​តម្រង់​តែ​ដៃជើង​ប៉ុណ្ណោះ​ដើម្បី​ទុក​ជា​ការព្រមាន តែ​កាប់​ខុសៗ រហូត​ដល់​ចំណុចកើតហេតុ ខ្លួន​ក៏​កាប់​ត្រូវ​ភ្លៅ​ជនរងគ្រោះ បណ្តាលឲ្យ​ដួល ហើយ​ខ្លួន​ក៏​បោះ​កំបិត​ចោល​ក្បែរ​នោះ និង​ដើរ​ចេញពី​កន្លែងកើតហេតុ ដោយ​មិន​គិត​ថា​ជនរងគ្រោះ​នឹង​ស្លាប់​នោះ​ទេ​។ ក្រោយមក​ទើប​ខ្លួន​បាន​ដំណឹង ថា​ជនរងគ្រោះ​ស្លាប់ ក៏​គេច​ទៅ​លាក់ខ្លួន នៅ​ស្រុកកំណើត ក្នុង​ខេត្ត​ព្រៃវែង​តែម្តង​។ ជនដៃដល់​រៀបរាប់​បន្ថែមថា កន្លងមក​ខ្លួន​ក៏​ធ្លាប់​ជាប់គុក​១​ឆ្នាំ​ម្តង​ដែរ គឺ​ក្នុង​ឆ្នាំ​២០១៩ ទើប​ចេញ​វិញ​ក្នុង​ថ្ងៃទី ០២ ខែ​០៧ ឆ្នាំ​២០២០ ដោយ​ត្រូវ​បាន​ជាប់ចោទ​ពីបទ​លួច ម៉ូតូ​កង់​បី (​ផាស់​ស្អាប់​) ព្រោះ​ខ្លួន​បាន​ដើរ​ជាមួយ​ក្រុម​មុខសញ្ញា​ចោរលួច​ទាំងនោះ​។​

​បច្ចុប្បន្ន ជនដៃដល់​កំពុង​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​
#PhnomPenhGRK

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *