(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ចើញពីនិត្យការស្ថាបនាលូ និងសាលាឆាន់ដែលនឹងត្រូវរុះរើ កសាងឡើងវិញ ដើម្បីជាកិច្ចលើកតម្កើនវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ។
ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានចុះពិនិត្យការងារនេះ បានធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២១ម្សិលមិញ ក្រោយបានអញ្ចើញមកពីធ្វើបុណ្យនៅវត្តព្រៃល្វាជាមួយកូនចៅទាំងអស់ នៅឯខេត្តកំពង់ស្ពឺ ហើយត្រលប់មកវិញ ឈានចូលពិនិត្យវត្តវង្គត់បុរីកបិលភ័ស្តសង្គាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតស៊ាង ប៊ុនលាង និងលោកជំទាវហ៊ុន ប៊ុនធឿន បានឧបត្ថម្ភការស្ថាបនាលូរំដោះទឹក និងបានពិភាក្សាគ្នាជាមួយព្រះចៅអធិការវត្ត រួមនឹងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយបានឯកភាពគ្នាកសាងសាលាឆាន់ជាថ្មីឡើងវិញ ក្រោយពិនិត្យឃើញថាសាលាកំពុងសាងសង់ជំនាន់ចៅអធិការមុន មានភាពមិនប្រក្រតី ខុសបឋដ្ឋានបច្ចេកទេស បារម្ភក្រែងលោកមានហានិភ័យណាមួយទៅថ្ងៃខាងមុខ ។
មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ក៍បានប្រគេនបច្ច័យមួយចំនួនធំដល់ចៅអធិការវត្តព្រៃល្វានៅឯខេត្តកំពង់ស្ពឺ និងវត្តអង្គត់បុរី ទុកសម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្តនិងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ ។
ឯកឧត្តមបណ្ឌិតស៊ាងប៊ុនលាង បានមានសមតិសំណេះសំណាលជាមួយចៅអធិការវត្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាពល្អប្រសើរ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅទូទាំងប្រទេសបានធ្វើបុណ្យធ្វើទាន ជាក់ស្តែងពិធីបុណ្យដាក់បិណ្ឌដែលមានរយៈពេល១ថ្ងៃរហូតដល់ថ្ងៃ
បុណ្យភ្ចុំបិណ្ឌ។
ទន្ទឹមនឹងប្រសាសន៍នេះដែរឯកឧត្តមបណ្ឌិតស៊ាង ប៊ុនលាង ក៍បាន អំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចនូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលបានណែនាំ ពិសេសគឺតាមវិធាន៣ការពារ និង៣កុំ ឲ្យមានប្រសិទ្ធភាព ។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតបានក្រើនរំលឹកឱ្យប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរតាមដងផ្លូវត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍មានការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកក្នុងការធ្វើដំណើរដើម្បីសេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នា ៕