លោកជំទាវ ដួង វណ្ណា បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់ គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃ​ទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ ចំនួន ៦៧ ខ្នង​ផ្ទះ​ក្នុងស្រុក​រមាស​ហែក​

ខេត្ត​ស្វាយរៀង ៖ នៅ​ថ្ងៃ​សុក្រ ៦​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ដឹកនាំ​ដោយ​លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយស​សាខា លោកជំទាវ ហៅ ច័ន្ទ​សិរី​ទេ​ពី ចៅ ភិរុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា និង​សហការី បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់ គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃ​ទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ ចំនួន ៦៧ ខ្នង ក្នុងនោះ​ខូចខាត​ទាំងស្រុង ៤ ខ្នង មធ្យម ២៨ ខ្នង និង​ខូចខាត​ស្រាល ៣៥ ខ្នង ចំនួន ៦ ឃុំ ក្នុងស្រុក​រមាស​ហែក ។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ លោកជំទាវ ដួង វណ្ណា បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដែល​ជានិច្ចកាល​សម្ដេច តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ជំរុញ​ឲ្យមាន​ការដោះស្រា​យ​បញ្ហា​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង ។​

​ហើយ​សូម​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ការខូចខាត​ទ្រព្យសម្បត្តិ ផ្ទះសំបែង​ដែល​បង្ករ​ដោយ​គ្រោះធម្មជាតិ​ដែល​មិន​នឹកស្មាន​ដល់ ទន្ទឹមនេះ​លោក​ជំទាវ​ក៏​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយ​ត្រូវ​បិទ​ទូរទស្សន៍ ទូរស័ព្ទ រក​កន្លែង​ដែល​មាន​សុវត្ថិភាព នៅពេល​មាន​ភ្លៀង​ធ្លាក់ ដែល​ងាយ​នឹង​បង្កឲ្យមាន​គ្រោះថ្នាក់​ដោយសារ​រន្ទះ ឬ​ខ្យល់​កន្ត្រាក់ ត្រូវ​មើល​ថែទាំ​កូនចៅ​ឲ្យបាន​ល្អ ជាពិសេស​ក្មេង​តូចៗ​កុំឲ្យ​លេង​ទឹក​ដែល​អាច​បង្ក​ឲ្យ​មាន គ្រោះថ្នាក់​ដោយ​ករណី​លង់ទឹក ត្រូវ​ថែរក្សា​សុខភាព និង​មាន​អនាម័យ​ល្អ​ក្នុង​ការរស់នៅ ត្រូវ​ត្រៀម​ឧបករណ៍ សម្ភារ ពូជ​ជាដើម​សម្រាប់​ការងារ​បង្កបង្កើនផល​នា​រដូវវស្សា ឲ្យបាន​ទាន់​ពេលវេលា ។

​អំណោយ​ដែល​បាន​ចែក​ជូន​ទាំង ៦៧ គ្រួសារ ៖ សម្រាប់​គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ ៤ គ្រួសារ ទទួលបាន អង្ករ ៣០ គ​ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ​-​សម្ល ២ ក្រណាត់​កៅស៊ូ​តង់ ១ កន្ទេល​បត់ ១ អាវយឺត ២ ឃី​ត ១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា ២០០,០០០ រៀល ។ គ្រួសារ​រងគ្រោះ​មធ្យម ២៨ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គ​ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹក ស៊ី​អ៊ីវ ៦ ដប កន្ទេល​បត់ ១ អាវយឺត ២ ឃី​ត ១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា ៥០,០០០ រៀល និង សម្រាប់ គ្រួសារ​រងគ្រោះ​ស្រាល ៣៥ គ្រួសារ ទទួលបាន​ថវិកា ៥០,០០០ រៀល សម្រាប់​ទិញ​សម្ភារ​ជួសជុលផ្ទះ​ឡើងវិញ ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *