ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន​៥០០​គ្រួសារ មក​ពី​សង្កាត់​ចំនួន​២ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ទទួលបាន​អំណោយ​ពី​រដ្ឋបាល​ខេត្ត​កណ្ដាល​

ខេត្ត​កណ្ដាល​៖ ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កណ្ដាល បាន​នាំយក​នូវ​អំណោយ ដោយ​មាន​ការជួយឧបត្ថម្ភ​ពី​បុរី សុវណ្ណ​ភូមិ ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅក្នុង​សង្កាត់​រការ​ខ្ពស់ និង​សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ចំនួន​៥០០ គ្រួសារ ដែល​បាន​រៀបចំ​នៅ​វត្ត​ឈូង​លាភ ក្នុង​សង្កាត់​រការ​ខ្ពស់ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកំលាំង​ទាំង​បី និង​អាជ្ញាធរ​ក្រុង​ផង​ដែរ​។​

​មានប្រសាសន៍​នា​កាស​នោះ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្ដេច​ទាំង​ទ្វេរ តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅ​គ្រប់​កាលៈទេសៈ​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​សំដែង​នូវ​ការកោតសរសើរ ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស របស់​បុរី សុវណ្ណ​ភូមិ និង​សហការី ដែល​បាន​លះបង់​នូវ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ក្នុង​ការជួយ​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួល​រង​គ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្ត​កណ្ដាល​នា​ការ​នេះ​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រក្សា​សុវត្ថិភាព​ខ្លួនឯង និង​សមាជិក​គ្រួសារ​នៅក្នុង​បន្ទុក​កុំឱ្យា​មាន​គ្រោះ​ថ្នាក់​ណាមួយ​កើតឡើង​ជា​យថាហេតុ ជាពិសេស​បង្កឡើង​ដោយ​ការ​ធ្វេស​ប្រហែល ចំពោះ​កុមារ​តូចៗ លេង​ទឹក​ឡើយ ដែល​អាច​បណ្ដាលឱ្យ​បាត់បង់​សមាជិក​ក្នុង​គ្រួសារ​ដោយ ការ​លង់ទឹក ឬ​សត្វ​អាសិរពិស​ខាំ​ជាដើម​។ ក្នុង​នោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ការរស់នៅ ប្រកបដោយ​អនាម័យ ជាពិសេស​ការហូប​ទឹកស្អាត ឬ​ផឹកទឹក​ដាំ​ពុះ​ដើម្បី​គេចផុត​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ទូទាំង​ខេត្ត​កណ្ដាល មាន​ស្រុក​២ និង​ក្រុង​១ ទទួល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងនោះ​មាន​ស្រុក​កណ្ដាលស្ទឹង ស្រុក​អង្គស្នួល និង​ក្រុង​តាខ្មៅ​។​

​អំណោយ​ដែល​ផ្តល់​ជូន​គ្រួសារ​រងគ្រោះ​នាពេល​នេះ​មាន​៖ អង្ករ ២០ គីឡូក្រាម មី ១៥ កញ្ចប់ ត្រីខ ៤ កំប៉ុង ទឹកស៊ីអ៊ីវ ១ ដប ទឹកត្រី ១ ដប និង​ថវិកា ៤ ម៉ឺន​រៀល​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *