លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាកិត្តិយសក្នុងពិធីដង្ហែរអង្គឋិនទានទៅកាន់ វត្តវិហារសំណរ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលបានផ្តួចផ្តើមគំនិតឡើង ដោយឯកឧត្តមបណ្ឌិតស៊ាង ប៊ុនលាង និងលោកជំទាវហ៊ុន ប៊ុនធឿន មហាឧបាសិកា តាំង បាក់សៀង លោកឧកញ៉ា ផែរ ហុកឈួន និងជំទាវឧកញ៉ា អ៉ឹង ស៉ីស្រ៊ន ព្រមទាំងក្រុមគ្រួសារ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទពីរាជធានីភ្នំពេញ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នាដង្ហែរអង្គកឋិនទាន នាព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។
កម្មវិធីបុណ្យមានរយៈពេល ២ថ្ងៃ គឺ៖ ថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានរៀបចំពិធីក្រុងពាលី សូត្រមន្ត នមស្សការ និងសំដែងធម៌ទេសនា លុះព្រឹកឡើងថ្ងៃបន្ទាប់ ក៏មានពិធីដង្ហែ អង្គកឋិនទានប្រទក្សិណចំនួន ៣ជុំវិញ ព្រះវិហារ នៅ ក្នុងបរិវេណវត្តវិហារសំណរ និងបានវេរប្រគេន ព្រះសង្ឃក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាង សមិទ្ធផលនានាទុកជាគរុភណ្ឌក្នុងវត្តវិហារសំណរ ។
ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ បានប្រារព្ធឡើង ស្របពេលដែលប្រទេសមានសន្តិភាព ក្រោម ការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបាន ជំរុញឲ្យគ្រប់វិស័យមានការរីកចម្រើន ទាំងវិស័យ ពុទ្ធចក្រ និងវិស័យអាណាចក្រ ។ មួយចំណែកទៀតបានឧទ្ទិសជូន នូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លា ធ្វើបុណ្យកឋិនទាន សាមគ្គី ជូនចំពោះ ជីដូន ជីតា ញាតិកាទាំងប្រាំពី សណ្តាន ដែលបានចែកឋាន ទៅកាន់បរលោក ខាងមុខ ព្រមទាំង បានជូននូវបុណ្យកុសល ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា លោក លោកស្រី និង ពុទ្ធបរិស័ទ ចំណុះជើងវត្ត ជា អ្នកផ្តើមបុណ្យ សូមទទួល បាននូវសេចក្តីសុខ សេចក្តីចម្រើនរៀងរហូតតទៅ ។
ជារៀងរាល់ឆ្នាំ នៅក្នុងរដូវកាលកឋិនទាន មហាឧបាសិកា តាំង បាក់ហៀង ព្រមទាំង លោកឧកញ៉ា លោកជំទាវឧកញ៉ា និងក្រុមគ្រួសារ ថ្នាក់ដឹកនាំ អស់លោក និង លោកស្រី តែងតែអញ្ជើញ ចូលរួម ធ្វើបុណ្យ ធ្វើទានជាមួយពុទ្ធបរិស័ទ ព្រមទាំង បាន នាំយក នូវគ្រឿងសក្ការបូជា រួមមាន ទៀនធូប ផ្កា ភ្ញី បូជា ចំពោះ ព្រះពុទ្ធអង្គ និង ព្រះរតនត្រ័យ និង ទេយ្យទាន មានគ្រឿងឧបភោគ បរិភោគ ជាច្រើន មុខ រួម នឹងបច្ច័យយកមកប្រគេនព្រះសង្ឃ និង បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការី ជន ជីដូន ជីតា ញាតិ ការទាំង ៧ សន្ដានដែលបាន ចែកឋានទៅកាន់បរលោកខាងមុខ សូម ឱ្យមក ទទួលនូវផល្លាអានិសង្ស ដែលកូនចៅបានឧទ្ទិសជូន តាមរយៈ ព្រះសង្ឃ នាបុណ្យ នេះ ឱ្យបាន ទៅ សោយសុខនៅទីឋានបរមសុខ គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕