(កណ្ដាល) ៖ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត បានផ្ដែផ្ដាំកងកម្លាំងនគរបាលស្រុកលេីកដែក ជិត១០០នាក់ ត្រូវរួមគ្នាសាមគ្គីគ្នា រួមគ្នាថែរក្សាសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ បង្ក្រាបឲ្យបាននូវរាល់រូបភាពអសន្តិសុខណាមួយ ក្នុងន័យស្វែងរកសេចក្ដីសុខជូនពលរដ្ឋ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ធ្វើយ៉ាងណា ការពារឱ្យបានមិនឱ្យរូបភាពអសន្តិសុខណាមួយកើតឡើងជាដាច់ខាត ។
លោកឧត្តមសេនីយ៍ទោស្នងការបានមានប្រសាសន៍យ៉ាងដូច្នេះ នៅគ្រាដែលលោកបាននាំយកអាវភ្លៀងដែលឧបត្ថម្ភដោយនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិចំនួនជិត១០០អាវ ,ម៉ូតូចំនួន៣គ្រឿង ព្រមទាំងថវិការមួយចំនួនឧបត្ថម្ភដល់មន្ត្រីនគរបាលស្រុកលើកដែកជិត១០០នាក់ នារសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នៅឯអធិការដ្ឋាននគរបាលស្រុកលើកដែក ដោយមានការចូលរួមពីលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកផងដែរ ។
ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការបាននាំពាំការផ្ដាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលលោកតែងតែគិតគូរ យល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់ទូទាំងប្រទេស ។
លោកឧត្តមសេនីយ៍ទោក៍បានកោតសរសើរកងម្លាំងនគរបាលស្រុកលើកដែកដែលបានធ្វើការងារបានល្អនាពេលកន្លងមក ហើយទទួលបានការកោតសរសើរពីពលរដ្ឋក្នុងមូលដ្ឋានជាហូរហែរមក ហើយលោកក៍ជម្រុញបន្ថែមឱ្យកងកម្លាំងនគរបាលស្រុកលើកដែកទាំងអស់ ត្រូវដាក់ចិត្ត ដាក់កាយធ្វើការងារឱ្យបានល្អឡើងៗ ពិសេសអនុវត្តន៍ឱ្យបានល្អបំផុតតាមគោលនយោបាយ៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកឧត្តមសេនីយ៍ទោក៍បានសង្កត់ធ្ងន់ចំណុចសំខាន់គឺបញ្ហាជម្ងឺកូវីដ-១៩ផងដែរ ដោយត្រូវថែទាំងសុខភាពខ្លួនឱ្យបានល្អ ជួយផ្សព្វផ្សាយវិធានការកូវីដ-១៩ទៅដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីបញ្ជាបការយល់និងការប្រុងប្រយ័ត្នបន្ថែមទៀត ដ្បិតកម្ពុជាយើងមិនមានការឆ្លងទ្រង់ទ្រាយធំ ប៉ុន្តែកុំធ្វេសប្រហែសឱ្យសោះគឺត្រូវតែប្រយ័ត្នជានិច្ច ។
លោកស្នងការឈឿន សុចិត្ត ក៍បានកោតសរសើរទឹកចិត្តលោកអភិបាលស្រុកលើកដែកលោក ចាប ច័ន្ទវិទ្យា ដែលបានឧបត្ថម្ភអង្ករនិងគ្រឿងឧបភោគបរិភោគដល់កម្លាំងទាំងអស់នៅមូលដ្ឋានស្រុកលើកដែក ៕