កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅរសៀលថ្ងៃព្រហស្បត្តិ៍ទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំស្នងការដ្ឋាននិងមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តកំពង់ភ្នំក្នុង ហៅវត្តគិរីណាម ស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ពុទ្ធបរិស័ទ ជិតឆ្ងាយ ចំណុះជើងវត្តកំពង់ភ្នំក្នុង ហៅវត្តគិរីរតនារាម
ចូលរួមសូត្រមន្ត និងនិមន្តព្រះសង្ឃសំដែងព្រះធម៌ទេសនា។
សូមបញ្ជាក់ដែរថា ពិធីបុណ្យកាន់បិណ្ឌជាបុណ្យប្រពៃណីជាតិខ្មែរយ៉ាងល្អផូរផង់ដែលប្រជាជនខ្មែរ តែងតែប្រារព្ធធ្វើតាមបប្រពៃណីព្រះពុទ្ធសាសនាតាំងពីយូរលង់ណាស់មកហើយ ជាទូទៅពុទ្ធសាសនិកតែងតែនាំគ្នាប្រតិបត្តិ
ធ្វើតាមទីវត្តអារាម គ្រប់ទីកន្លែងទូទាំងប្រទេស ចាប់ពីថ្ងៃ១រោច ដល់១៥រោចខែភទ្របទ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ឧបការីជន ញាតិការទាំងឡាយដែលបានចែកឋានរំលាយក្ខន្ធទៅហើយ និងបានជាចំណែកបុណ្យកុសលជូនដល់កូនចៅ ដែលមានសទ្ធាជ្រះថ្លាក្នុងការធ្វើពិធីបុណ្យនេះ។
គួររំលឹកបន្ថែមទៀតថាពិធីបុណ្យនេះចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោច ខែភទ្របទហៅថាពិធីបុណ្យកាន់បិណ្ឌ រីឯថ្ងៃ១៥រោច ខែភទ្របទគឺជាថ្ងៃបញ្ចប់ហៅថា បុណ្យភ្ជុំបិណ្ឌ។
ចំពោះពិធីកាន់បិណ្ឌថ្ងៃនេះ លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការសូមឲ្យថ្នាក់ដឹកនាំស្នងការដ្ឋាន មន្ត្រីរាជការក្រោមឱវាទគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទទាំងអស់ ទទួលយកពរសព្វសាធុការផល្លានិសង្ឃផលបុណ្យរៀងៗខ្លួន។
បច្ច័យ ទេយ្យវត្ថុ និងទេយ្យទានជាច្រើន បាននាំយកមកប្រគេនព្រះចៅអធិការ ព្រមទាំងព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តកំពង់ភ្នំក្នុង ហៅវត្តគិរីរតនារាម ៕