សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្ព័ន្ធ​ផ្លូវ​-​ស្ពាន​ជា​កិច្ចការ​សំខាន់​របស់​រា​ជ​រដ្ឋាភិបាល​គ្រប់​អាណត្តិ ព្រោះ​ជា​មូលដ្ឋាន​ធានា​ដល់​កំណើន​សេដ្ឋកិច្ច​

ខេត្តកែប ៖ ​នា​ព្រឹក ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ វិថី​តេជោ​សន្តិភាព​ឆ្នេរ​អង្កោល ប្រវែង​សរុប ១២.៦៤៥ ម៉ែត្រ ក្រោម​កម្ចី​ឥណទាន​សម្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី ។ វិថី​តេជោ​សន្តិភាព​ឆ្នេរ​អង្កោល​នេះ គឺជា​ខ្សែ​ផ្លូវ​ទេសចរណ៍ ប្រប​មាត់សមុទ្រ​របស់​ខេត្ត​កែប ដែល​បាន និង កំពុង​ដើរ​តួនាទី​ជួយ​សម្រួល​ដល់​ចរាច​រណ៍ ដឹកជញ្ជូន និង ការធ្វើដំណើរ​ផ្សេងៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ប្រមាណ​ជាង ៦.០០០ គ្រួសារ ។ វិថី​នេះ ក៏​ជា​ខ្សែ​ផ្លូវ ត​ភ្ជាប់​ពី​ក្រុង​កែប​ទៅកាន់​តំបន់​សហគមន៍​ទេសចរណ៍ និង​នេសាទ​នៅក្នុង​ឃុំ​អង្កោល និង​លាតសន្ធឹង​ឆ្លងកាត់​តំបន់កសិកម្ម​, តំបន់​ស្រែអំបិល​, តំបន់​ព្រៃកោងកាង និង​ត​ភ្ជាប់​ជាមួយ​ផ្លូវ​ខេត្ត ក្នុង​ទិសដៅ​ទៅ​មក រវាង​ស្រុក​ដំណាក់​ចង្អើរ និង​ច្រក​លក ខេត្ត​កំពត រួម​ទាំង​ត​ភ្ជាប់​ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែ​ផ្លូវ​មួយចំនួន​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ដើម្បី​ភ្ជាប់​ទៅ​កាន់​តំបន់​ទីប្រជុំជន តំបន់​ភូមិឋាន និង​តំបន់​ផ្សេងៗ​ទៀត នៅក្នុង​ខេត្ត ។​

​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​យក​ឱកាស​នេះ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងនាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​-​ស្ពាន ជា​បន្តបន្ទាប់ ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ។ ឆ្លៀត​ក្នុង​ឱកាស​នោះដែរ សម្តេច​បវរ​ធិបតី បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី ដែល​បាន​ជួយ​ដល់​ការអភិវឌ្ឍ​លើ​វិស័យ​សំខាន់ៗ​ជាច្រើន​នៅ​កម្ពុជា ដូចជា វិស័យ​ដឹកជញ្ជូន​, វិស័យ​ថាមពល​, វិស័យ​កសិកម្ម​និង​ធនធានធម្មជាតិ​, វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​, វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​, វិស័យ​ធារាសាស្ត្រ និង ការគ្រប់គ្រង​ទឹកជំនន់​, វិស័យ​គមនាគមន៍​និង​បច្ចេកវិទ្យា​ព័ត៌មាន​, វិស័យ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​, វិស័យ​ហិរញ្ញវត្ថុ​, វិស័យ​គ្រប់គ្រង​សាធារណៈ និង​វិស័យ​សុខាភិបាល រួម​ទាំង​កម្មវិធី​ជំនួយ​បច្ចេកទេស​ជា​ច្រើន​ទៀត ដើម្បី​បម្រើ​ដល់​ការរីកចម្រើន និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា ។​

​ថ្លែង​ក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក​នោះ សម្តេច​បវរ​ធិបតី បាន​លើកឡើង​ថា ការរៀបចំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស ជា​កិច្ចការ​សំខាន់​របស់​រា​ជ​រដ្ឋាភិបាល គ្រប់​អាណត្តិ​ព្រោះ​ជា​មូលដ្ឋាន​ធានា​ដល់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បាន​ហុច​ផលប្រយោជន៍​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការដឹកជញ្ជូន ការប្រើប្រាស់ និង​ការបង្កើត​សកម្មភាព​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន ។ សម្តេច​បវរ​ធិបតី​បាន​លើកឡើង​ថា ក្នុង​រយៈពេល ១៥​ខែ នៃ​ការ​ចេញ​ដំណើ​របស់​រាជ​រដ្ឋាភិបាល អាណត្តិ​ទី​៧ នេះ បាន​បន្ត​ការអភិវឌ្ឍ​ដោយ​សម្រេច​បាន​សមិទ្ធផល​ធំៗ​ជាច្រើន ជាពិសេស ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន​ដូចជា ផ្លូវ ស្ពាន ការបើក​ការដ្ឋាន​ជីក​ព្រែកជីក​ហ្វូណន​តេជោ ការរៀបចំ និង​ពង្រីក​កំពង់ផែ​ព្រះ​ស៊ី​ហ​នុ ការរៀបចំ​ពង្រឹង​ប្រព័ន្ធ​ភ័ស្តុភា​រកម្ម និង​វិស័យ​ជាច្រើន​ទៀត ។ ជាក់ស្តែង​បន្ថែមទៀត​នោះ ការ​ដាក់​សម្ពោធ​ឱ្យ​ប្រើប្ររាស់​ជា​ផ្លូវការ វិថី​តេជោ​សន្តិភាព​ឆ្នេរ​អង្កោល នេះ ជា​សមិទ្ធផល​ថ្មី ដែល​ផ្តល់​ប្រយោជន៍​រួម​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ពិសេស​អ្នករស់នៅ​ផ្ទាល់​នៅក្នុង​ខេត្ត​កែប​ផ្ទាល់ ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *