នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Christian Lechervy (គ្រីស្សង់ ឡឺសែវី ) ឯកអគ្គរដ្ឋទូត និងជាប្រេសិតពិសេសបារាំង ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ឯកឧត្តមអគ្គរដ្ឋទូត ដែលបានមកកម្ពុជា នៅពេលនេះ។ សម្តេចតេជោ បានស្នើឯកឧត្តមអគ្គរដ្ឋទូតពាំនាំនូវសេចក្តីថ្លែងអំណរគុណរបស់សម្តេច ជូនទៅឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង សម្រាប់ការទទួលបដិសណ្ឋារកិច្ចដ៏ល្អប្រសើរថ្វាយ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទ្រង់យាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅសាធារណរដ្ឋបារាំងកន្លងទៅថ្មីៗនេះ។ សម្តេចតេជោ បានបន្តទៀតថា ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ដែលនេះជាដំណើរដ៏ល្អមួយ ដែលផ្ទេរពីបារាំងនៅទ្វីបអឺរ៉ុប មកកម្ពុជានៅទ្វីបអាស៊ី។
ឯកឧត្តមអគ្គរដ្ឋទូត Christian Lechervy បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានផ្តល់កិត្តិយស អនុញ្ញាតឱ្យឯកឧត្តមបានចូលជួបដើម្បីទទួលអនុសាសន៍ការងារល្អៗនាពេលនេះ។ ឯកឧត្តមអគ្គរដ្ឋទូត បានបន្តទៀតថាការទទួលបដិសណ្ឋារកិច្ចថ្វាយ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា គឺជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសបារាំង រីឯភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាការបញ្ជាក់ជាថ្មីនូវការចូលរួមដ៏សំខាន់របស់ហ្វ្រង់កូហ្វូនីសម្រាប់វិស័យសេដ្ឋកិច្ច វិបុលភាព សន្តិភាព ពិភពលោក។ ឯកឧត្តមក៏បានអបអរសាទរប្រទេសកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ បន្តពីប្រទេសបារាំង ហើយឯកឧត្តមជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការរៀបចំកិច្ចប្រជុំនេះ។
ឯកឧត្តមអគ្គរដ្ឋទូត ក៏បានរំលឹកអំពីជំនួបរវាងសម្តេចតេជោ និងប្រធានាធិបតី ម៉ាក្រុង កាលពីខែធ្នូឆ្នាំ ២០២២ នៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន និងសហភាពអឺរ៉ុប ដែលពេលនោះសម្តេចតេជោ គឺជាប្រធានអាស៊ាន។ ឯកឧត្តម បានបន្តថា ឯកឧត្តម ម៉ាក្រុង បានប្រាប់ថា រូបគាត់ និងសម្តេចតេជោ បានពិភាក្សាគ្នាប្រកបដោយកាយវិការស្និទ្ធស្នាល និងត្រង់ទៅត្រង់មកលើបញ្ហាជាច្រើន រួមទាំងបញ្ហាសេដ្ឋកិច្ច និងបញ្ហានយោបាយក្នុងពិភពលោក។ ប្រធានបទមួយ នៅក្នុងចំណោមប្រធានបទដ៏ច្រើននៃកិច្ចពិភាក្សារវាងសម្តេចតេជោ និងឯកឧត្តមប្រធានាធិបតី ម៉ាក្រុង គឺស្តីពីការស្វែងរកសន្តិភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ា។ ប្រធានបទនេះ បានជំរុញឯកឧត្តម មកជួបសម្តេច ដើម្បីទទួលយកអនុសាសន៍ពីសម្តេច នាពេលនេះ។
ឯកឧត្តមអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ការរៀបចំឱ្យមានប្រេសិតពិសេសរបស់ប្រទេសបារាំង ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា គឺជាការបង្ហាញពីកិច្ចប្រឹងប្រែងរបស់អន្តរជាតិ ជាពិសេសអឺរ៉ុប ក្នុងការជួយស្វែងរកដំណោះស្រាយមួយដ៏ល្អ ដើម្បីសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ាផង។ ដើម្បីសម្រេចគោលបំណងនេះ ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានឱ្យឯកឧត្តមទាក់ទងជាមួយបណ្តាប្រទេសជាមិត្ត និងជាដៃគូរបស់បារាំង ក៏ដូចជាភាគីនានា ដើម្បីស្វែងរកការគាំទ្រដល់ប្រទេសបារាំង ក្នុងការចូលរួមដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កន្លងមក ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ បានខិតខំជ្រោមជ្រែង ស្វែងរកដំណោះស្រាយសន្តិភាពទាំងក្នុងអាស៊ាន និងពីប្រទេសមីយ៉ាន់ម៉ាខ្លួនឯង ទាំងក្នុងបញ្ហានយោបាយ និងមនុស្សធម៌ ជាពិសេសគឺនៅក្នុងអាណត្តិដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាន។
ឯកឧត្តមអគ្គរដ្ឋទូត បានបញ្ជាក់ថា បារាំងនឹងនៅតែបន្តផ្តល់ការគាំទ្រអាស៊ានទៅលើយន្តការ និងរាល់សកម្មភាពដូចដែលសម្តេចតេជោ បានធ្វើការងារទាំងនេះនៅឆ្នាំ២០២២ គឺការផ្តល់ជំនួយដល់ជនរងគ្រោះ តាមរយៈកាកបាទក្រហមមីយ៉ាន់ម៉ាផ្ទាល់ និងតាមអង្គការសង្គមស៊ីវិលផងដែរ។ យើងត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងដឹកនាំប្រតិបត្តិការនានា ជួយប្រជាជនដែលកំពុងជួបការលំបាកយ៉ាងខ្លាំង។ ប្រជាជន និងប្រទេសមីយ៉ាន់ម៉ា កំពុងត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង ហើយជំនួយនេះធ្វើទៅបានលុះត្រាតែមានដំណោះស្រាយផ្នែកនយោបាយ។ នេះជាសារ ដែលយើងចង់ផ្ញើ ទៅភាគីពាក់ព័ន្ធនៃវិបត្តិនេះ ក៏ប៉ុន្តែវិបត្តិនេះមិនមែនមានតែភាគីជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាដូចនៅឆ្នាំ ២០២១នោះទេ ក៏ប៉ុន្តែ ហាក់ដូចជាប្រែទម្រង់ទៅជាវិបត្តិក្នុងតំបន់ និងពិភពលោក។ ប្រទេសបារាំង ត្រៀមខ្លួនជានិច្ចផ្តល់ការគាំទ្រដល់អាស៊ាន ជាពិសេស កុងសង់ស៊ីស ៥ចំណុច។
ឯកឧត្តម ក៏បានបង្ហាញពីការចង់ដឹងអំពីទស្សនៈរបស់សម្ដេចតេជោក្នុងឋានៈសម្ដេចជាឥស្សរជនមួយរូបក្នុងតំបន់អាស៊ាន ជុំវិញការរកដំណោះស្រាយមីយ៉ាន់ម៉ា។
ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ ចំពោះការទទួលស្គាល់តួនាទីរបស់សម្តេច ក្នុងការចូលរួមដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកន្លងមក។ សម្តេចតេជោ ក៏បានរំលឹកពីអនុស្សាវរីយជួបពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីម៉ាក្រុង ដែលមានទាំងបញ្ហាសភាពការណ៍ នៅមីយ៉ាន់ម៉ា បញ្ហានៅអ៊ុយក្រែននិងបញ្ហាដទៃទៀត។ នៅពេលនោះ ឯកឧត្តម ម៉ាក្រុង បានប្រាប់សម្តេចថា សម្តេចនៅមានកម្លាំង គួរតែបន្តធ្វើជានាយករដ្ឋមន្ត្រី ៣ទៅ៤ ឆ្នាំបន្ថែមទៀត។ សម្ដេចបន្តថា សម្ដេចប្រហែលធ្វើឱ្យឯកឧត្តម Macron ខកចិត្ត ដោយ ពេលនេះសម្តេច ពុំមែនជានាយករដ្ឋមន្ត្រីទៀតឡើយ សម្តេចបានសម្រេចចិត្តលះបង់អំណាច ដើម្បីប្តូរនឹងសន្តិភាពរយៈពេលយូរអង្វែងនៅកម្ពុជា ហើយជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះនៅពេលនេះ រាជរដ្ឋាភិបាលថ្មី បានចេញដំណើរអស់រយៈពេលជាង១ឆ្នាំមកហើយ នឹងកំពុងទទួលបានលទ្ធផលវិជ្ជមាន។
សម្តេចតេជោ បានថ្លែងអំណរគុណប្រទេសបារាំង ដែលបានគិតគូរពីតំបន់អាស៊ានរបស់យើង តាមរយៈការរៀបចំប្រេសិតពិសេសទទួលបន្ទុកវិបត្តិនៅមីយ៉ាន់ម៉ានេះ គឺជាការរួមចំណែកដល់សន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ាផង និងក្នុងតំបន់អាស៊ានផងដែរ។ សម្តេចតេជោ បានជម្រាបទៅឯកឧត្តមអគ្គរដ្ឋទូតថា អាស៊ាន បានធ្វើកិច្ចការច្រើនណាស់ ដើម្បីជួយដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា ហើយជាចម្បងនោះ អាស៊ានត្រូវមានការឯកភាពគ្នា។
សម្តេចតេជោ បានរំលឹកពីកិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ី ដែលបានឈានដល់ការអនុម័តកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ចំណុច របស់មេដឹកនាំអាស៊ានលើវិបត្តិមីយ៉ាន់ម៉ា។ សម្តេចតេជោ បានបន្តថា នៅដើមឆ្នាំ២០២២ ក្នុងពេលដែលសម្ដេចធ្វើជាប្រធានអាស៊ានសម្ដេចបានទៅកាន់មីយ៉ាន់ម៉ា តែពេលនោះសម្ដេចបានទទួលការអបអរផង និងរិះគន់ផង។ ទោះជាយ៉ាណាក្តី ទស្សនកិច្ចរបស់សម្តេចទៅប្រទេសមីយ៉ាន់ម៉ា គឺដើម្បីព្យាយាមរកដំណោះស្រាយ និងបើកផ្លូវឱ្យមានការចរចារវាងភាគីជម្លោះពាក់ព័ន្ធ និងឱ្យមានផ្តល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលរងគ្រោះ ដែលជាការអនុវត្តកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ចំណុច។ ជាប្រធានអាស៊ាន សម្តេចមិនអាចនៅស្ងៀម មិនអើពើនឹងស្ថានភាពដ៏អាក្រក់ក្នុងប្រទេសជាសមាជិកអាស៊ានទេ។
ជាមួយគ្នានេះដែរ សម្តេចតេជោបានចែករំលែកជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Christian Lechervy អំពីយុទ្ធសាស្ត្រ ទស្សនៈ និងបទពិសោធន៍របស់សម្តេច ក្នុងការចរចាជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការស្វែងរកសន្តិភាព សម្រាប់ប្រទេសកម្ពុជា កាលពីទសវត្សឆ្នាំ១៩៨០ និង១៩៩០។ សម្តេចបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការជួបចរចានិងធ្វើការជាមួយនឹងអ្នកកាន់អំណាចជាក់ស្តែង នៅក្នុងការដោះស្រាយវិបត្តិ និងផ្តល់ជំនួយមនុស្សធម៌។
សម្ដេចបន្តថាស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ាមានភាពស្មុគស្មាញ ដែលគួរតែត្រូវបានគិតគូរឡើងវិញ ចំពោះកញ្ចប់ផែនការថ្មីនៃដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្ន ដោយមូលហេតុថា កិច្ចព្រមព្រៀងកុងសង់ស៊ីស៥ចំណុចរបស់មេដឹកនាំអាស៊ាននាពេលនេះ ហាក់បីដូចជាហួសសម័យទៅហើយ។ ជាក់ស្តែង ចំណុចមួយនៃចំណុចទាំង៥នោះ លើកឡើងពីការទប់ស្កាត់ហិង្សា ប៉ុន្តែ ពេលនេះ ស្ថានភាពរាលដាលសឹងតែក្លាយទៅជាសង្គ្រាមស៊ីវិលទៅហើយ។
សម្តេច បានបន្ថែមថា យើងមានសុទិដ្ឋិនិយម ចំពោះវិធីសាស្ត្រថ្មី ដែលអាចទាញសភាពការណ៍មីយ៉ាន់ម៉ា ឈានទៅរកការចរចាបាន។ សម្តេច បានបញ្ជាក់ថា ដំណោះស្រាយយោធា មិនអាចដោះស្រាយបញ្ហាមីយ៉ាន់បាននោះទេ ហើយ ការស្វែងរកសន្តិភាព តាមរយៈការចរចា ទាមទារនូវពេលវេលា។
សម្ដេចតេជោបានជម្រាបជូនឯកឧត្តមប្រសិតពិសេសបារាំងថាសម្ដេចធ្លាប់បានជួបជាមួយឯកឧត្តម Min Aung Hlaing កាលពីឆ្នាំ២០២២ ហើយបន្ទាប់មកទៀតក៏បានជួបតាមអនឡាញជាបន្តបន្ទាប់ ហើយថ្មីៗនេះបេសកជនពិសេសរបស់មីយ៉ាន់ម៉ាក៏បានមកជួបសម្ដេចផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោបានសម្តែងនូវក្តីរីករាយដែលមីយ៉ាម៉ាទទួលយកនូវអនុសាសន៍របស់សម្ដេច ក្នុងការបញ្ជូនតំណាងមិនមែននយោបាយទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ។
ឯកឧត្តមអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការចែករំលែកទស្សនៈ និងបទពិសោធន៍ដ៏អស្ចារ្យរបស់សម្តេចតេជោ ទាំងបទពិសោធន៍ផ្ទាល់ខ្លួននៃដំណើរស្វែងសន្តិភាពឱ្យប្រទេសកម្ពូជា និងការខិតខំចូលរួមស្វែងរកសន្តិភាពឱ្យប្រទេសមីយ៉ាន់ម៉ា យ៉ាងសុទ្ធចិត្តទាំងផ្នែកនយោបាយ និងមនុស្សធម៌។ ឯកឧត្តម នឹងបន្តធ្វើការងារជាមួយប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ជាពិសេសប្រទេសនិយាយភាសាបារាំងក្នុងការរកដំណោះស្រាយដល់មីយ៉ាន់ម៉ាបន្តទៀត
ជាទីបញ្ចប់ សម្តេចតេជោ បានជូនពរឯកឧត្តមអគ្គរដ្ឋទូត និងជាប្រេសិតពិសេសប្រទេសបារាំងទទួលបន្ទុកមីយ៉ាន់ម៉ា ទទួលបានជោគជ័យក្នុងបេសកកម្មដ៏សំខាន់នេះ៕