ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​-​ឡាវ​-​វៀតណាម គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​

​នា​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញពិសារ​អាហារ​ពេលព្រឹក​ការងារ ជាមួយ ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផាន់​ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង ឯកឧត្តម ផាម មិញ​ជី​ញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៤ និង ៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ​២០២៤ នៅ​រដ្ឋធានី​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ បាន​ថ្លែងអំណរគុណ​ដល់ សម្តេច​បវរ​ធិបតី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៤ និង ៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ព្រមទាំង​កិច្ចប្រជុំ​ពិសារ​អាហារ​ពេលព្រឹក​ការងារ​នាពេលនេះ​។ ការណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ការ​បន្ត​ថែរក្សា​មិត្តភាព​ជា​ប្រពៃណី និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិកា​រវាង​ប្រទេស​ទាំង​បី​។

​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម​បាន​អបអរសាទរ​ប្រទេស​កម្ពុជា​ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន នៅក្រោម​ការដឹកនាំ​របស់​សម្ដេ​ចបវរ​ធិបតី រយៈពេល​ជាង​១​ឆ្នាំ​កន្លងមកនេះ និង​អបអរសាទរ​កម្ពុជា​ដែល​ត្រូវបាន​ជ្រើសរើស​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នី លើក​ទី​២០ ឆ្នាំ​២០២៦ ខាងមុខនេះ​។​

​ប្រមុខ​រដ្ឋាភិបាល​ទាំង​បី​បាន​ចែករំលែក​បទពិសោធន៍​អំពី​ការអភិវឌ្ឍ​ប្រទេស​រៀងៗ​ខ្លួន និង​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការបន្ត​ការជួប​ប្រាស្រ័យ​ទាក់ទង​គ្នា ក៏ដូចជា​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​លើ​គ្រប់​វិស័យ រួមមាន​៖ វិស័យសេដ្ឋកិច្ច​និង​វិនិយោគ ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការពារជាតិ និង​សន្ដិសុខ ព្រមទាំង​ការអប់រំ​និង​បណ្ដុះបណ្ដាល ជាដើម​។ នាយករដ្ឋមន្ត្រី​ទាំង​បី​ក៏​បាន​ផ្លាស់ប្ដូរ​ទស្សនៈ​អំពី​បញ្ហា​តំបន់​មួយចំនួន រួមទាំង​ដំណើរការ​កសាង​សហគមន៍​អាស៊ាន​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *