សម្តេច​មហា​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​ចូលរួម​បុណ្យ​ភ្ជុំ នៅ​វត្ត​ហរិរក្ស​រាជិនី ហៅ​វត្ត​វាំង​ចាស់​

ខេត្ត​កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ពុធ ១៥​រោច ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ព្រមទាំង​សមាជិក សមាជិកា​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ចូលរួម​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​ហរិរក្ស​រាជិនី ហៅ​វត្ត​វាំង​ចាស់ ស្ថិត​នៅ​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្ត​កំពង់ស្ពឺ​។​

​ជា​ការកត់សម្គាល់​រៀងរាល់ឆ្នាំ សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​អញ្ជើញ​ចូលរួម​បុណ្យ​ភ្ជុំ ដែល​ហៅថា​ថ្ងៃ​ឆ្លង​បិណ្ឌ​មិន​ដែល​ខកខាន​ឡើយ​នៅ​ទី​អារាម​វត្ត​វាំង​ចាស់​នេះ​។ សម្រាប់​បុណ្យ​ភ្ជុំ​ឆ្នាំនេះ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទៅ​ចូលរួម​បុណ្យ​ភ្ជុំ​នៅ​វត្ត​ចំពុះក្អែក​ជំនួស​វិញ ហើយ​សម្តេច​មហា​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​ទៅ​វត្ត​វាំង​ចាស់​។​

​ក្នុង​ពិធីបុណ្យ​ភ្ជុំ​នា​ព្រឹក​មិញ​នេះ សម្តេច​មហា​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត បាន​នាំយក​នូវ​គ្រឿង​សក្ការៈបូជា មាន​ទៀនធូប ផ្កា​ភ្ញី សម្រាប់ បូជា​ចំពោះ​ព្រះ​ពុទ្ធអង្គ និង​ព្រះ​រតនត្រ័យ និង​នាំយក​នូវ​ទេយ្យទាន ជា​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ ប្រគេន​ព្រះសង្ឃ ព្រមទាំង​រាប់បាត្រ បង្សុកូល ដើម្បី​ឧទ្ទិស​មគ្គផល ជូន​ចំពោះ បុព្វការី​ជន មាន​មាតាបិតា ជីដូន​ជីតា ញាតិ​កា​ទាំង​៧​សន្តាន ដែល​បាន​ធ្វើ​មរណកាល​ទៅ​ហើយ ជាពិសេស​ឧទ្ទិស​ចំពោះ​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា​មហា​ភក្តី សប្បុរិសភោ​គា​ធិបតី ហ៊ុន នាង មហា​ឧបាសិកា ឌី ប៉ុក មហា​ឧបាសក លីន គ្រី និង​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី​។​

​បន្ទាប់ពី​បាន​អញ្ជើញ​រាប់បាត្រ បង្សុកូល វេរ​ប្រគេន​ចំពោះ​ព្រះសង្ឃ នូវ​បច្ច័យ ទេយ្យទាន សម្ភារ គ្រឿងឧបភោគ បរិភោគ រួចហើយនោះ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត រួម​ជាមួយនឹង​មន្ត្រី​អ្នកមុខអ្នកការ​ជា​ពុទ្ធបរិស័ទ បាន​អញ្ជើញ​ទៅ​ថ្វាយ​ទៀនធូប ផ្កា​ភ្ញី ចំពោះ ព្រះ​ពុទ្ធបដិមា ឧទ្ទិស​កុសល ផល​បុណ្យ​ចំពោះ​ព្រះ​រត​ត្រៃ​យ៍ ជាពិសេស​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះបាទ​អង្គឌួង លើ​ទួល​ព្រះវិហារ​ចាស់ និង​អញ្ជើញ ថ្វាយ​ទៀនធូប ផ្កា​ភ្ញី នៅ​លើ​ព្រះវិហារ​ថ្មី និង​បាន​អញ្ជើញ​បន្តទៅ​គោរព​រូបសំណាក វីរបុរស​អ្នកស្នេហាជាតិ ដែលមាន គុណបំណាច់​ក្នុង​ការការពារ ជាតិ​មាតុភូមិ ។​

​គួរ​បញ្ជាក់ដែរថា ដោយសារ​វត្ត​វាំង​ចាស់ ជាទី​តាំង​អារាម​ចំណាស់ មាន​ជាប់​ពាក់ព័ន្ធ ទៅ​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ ជា​អតីត​ព្រះបរមរាជវាំង​របស់​ព្រះមហាក្សត្រ​ខ្មែរ​នោះ សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ដឹកនាំ​កសាង​វត្ត​នេះ​ឡើង​វិញ ចាប់ពី​ឆ្នាំ​១៩៩៦​មក ម្យ៉ាង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា និង​ម្យ៉ាងទៀត​ដើម្បី​រក្សាបាន​នូវ ទីតាំង​ប្រវត្តិសាស្ត្រ និង​វប្បធម៌ សម្រាប់ ការសិក្សា​ស្រាវជ្រាវ របស់​មនុស្ស​ជំនាន់​ក្រោយ​។ វត្ត​វាំង​ចាស់​មាន​នាម​ដើម​ថា វត្ត​ហរិរក្ស​រាជិនី ចំណេរ​ក្រោយមក វត្ត​នេះ​ត្រូវ​បាន​ហៅ​ក្លាយ​ថា វត្ត​ក្នុង​វាំង ឬ វត្ត​វាំង​ចាស់ តរៀងមក ។ នា​សម័យ​ដើម វត្ត​នេះ មាន​ភាពរុងរឿង ជា​វត្ដ​សំបូរ​ទៅដោយ គម្ពីរ​ដីកា ភាសាបាលី​និង​សម្រាយ ជាវ​ត្ដ​ដែល​បណ្ដុះ ព្រះសង្ឃ​ជា​បណ្ឌិត​មាន​ចំនួន​ច្រើន​អង្គ ក្រោម​ព្រះ​រាជូបត្ថម្ភ របស់​ព្រះមហាក្សត្រ​ខ្មែរ ប៉ុន្ដែ វត្ថុ​បុរាណ និង​សមិទ្ធផល​ទាំងឡាយ នៅក្នុង​ទី​អារាម​នេះ ត្រូវបាន​បាត់បង់​អន្ដរាយ​អស់ ដោយសារ​សង្គ្រាម​និង​របប​ប្រល័យ​ពូជសាសន៍​។​

​ក្រោយ​ថ្ងៃ ៧​មករា ឆ្នាំ​១៩៧៩ ទី​អារាម​នេះ ក៏​ដូចជា​ទី​អារាម​នានា​ដែរ​បាន​ដំណើរការ​ឡើងវិញ ប៉ុន្តែ​ដំបូង​នោះ មានតែ​សាឡុំ​មួយ ដែល​សង់​លើ​ទីទួល​ព្រះវិហារ​ចាស់​ប៉ុណ្ណោះ​។ រហូតមកដល់​ឆ្នាំ ១៩៩៦ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​ពុទ្ធ​សាសនូបត្ថម្ភ​ដ៏​សកម្ម បាន​ដឹកនាំ​កសាង ទី​អារាម​ប្រវត្តិសាស្ត្រ​នេះ​ឡើងវិញ ដោយ​កសាង​សមិទ្ធផល​ថ្មីៗ បាន​រីកចម្រើន គួរ​ជាទី​ចាប់អារម្មណ៍​បំផុត ។ សមិទ្ធផល ដែល​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត បាន​ដឹកនាំ​កសាង នៅក្នុង​ទី​អារាម​នេះ មានដូចជា ព្រះវិហារ ដងទង់ របង ក្លោង​ទា្វរ ឧបដ្ឋានសាលា កុដិ សាលារៀន សាលា​ពុទ្ធិកសិក្សា រូបសំណាក វីរបុរស​អ្នកស្នេហាជាតិ ព្រម​ទាំង​សមិទ្ធផល​នានា ជាច្រើន​ទៀត ដែល​បម្រើ​ឲ្យ​ទាំង​វិស័យ​ពុទ្ធចក្រ និង អាណាចក្រ ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *