គណៈប្រតិភូ​ធុរកិច្ច​អាមេរិក​ចាប់អារម្មណ៍​នាំចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ​

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​អង្គារ ទី​១០ កញ្ញា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ជាមួយ លោក ផា​ទ្រី​ក មឺ​ហ្វី (Patrick Murphy) តំណាង​គណៈប្រតិភូ​ធុរកិច្ច​អាមេរិក  ដែល​រៀបចំ​ដោយ សភាពាណិជ្ជកម្ម​កម្ពុជា ប្រចាំ​រដ្ឋ​កាលីហ្វ័​រញ៉ា នៃ​សហរដ្ឋអាមេរិក ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប លោក ផា​ទ្រី​ក មឺ​ហ្វី (Patrick Murphy) តំណាង​គណៈប្រតិភូ​ធុរកិច្ច​អាមេរិក បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​ថា ដំណើរ​បេស​កក​ម្មធុរ​កិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ ដែល​មាន​ការចូលរួម​របស់​ក្រុមហ៊ុន​ចំនួន​៥ មាន​គោលបំណង​ស្វែងរក​កាលានុវត្តភាព​វិនិយោគ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដៃគូរ​ធុរកិច្ច​នៅ កម្ពុជា ដើម្បី​នាំចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក ដែល​រួមមាន​អង្ករ ស្វាយចន្ទី ម្រេច ស្វាយ​ក្រៀម ជាដើម​។

​ជាមួយគ្នានេះ គណៈប្រតិភូ​ក៏​មាន​គោលបំណង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​។ ជាក់ស្តែង ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋអាមេរិក​បាន​សម្រេច​បង្កើត​ការិយាល័យ​តំណាង​របស់​ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ការសម្របសម្រួល​ជូន​និស្សិត​កម្ពុជា ដែល​មាន​បំណង​ចង់​បន្ត​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​ផងដែរ​។

​សម្ដេច​ធិបតី​បាន​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​អាមេរិក ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ និង​ការនាំចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក ព្រមទាំង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់​ពី​ការយកចិត្តទុកដាក់​និង​អាទិភាព​របស់​រាជរដ្ឋាភិបាល ចំពោះ​វិស័យ​កសិកម្ម ដូចជា កញ្ចប់​លើកទឹកចិត្ត​ផ្នែក​ពន្ធ​សម្រាប់​វិស័យ​កសិកម្ម ការធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម ការ​ដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​នៅតាម​មូលដ្ឋាន ការបង្កើត​សហគមន៍​កសិកម្ម​ទំនើប ព្រមទាំង​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​និង​ហេដ្ឋារចនាសម្ព័ន្ធ សំដៅ​ចូលរួម​កាត់បន្ថយ​ថ្លៃដើម និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​នៃ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​។ សម្ដេច​ធិបតី​បាន​លើកទឹកចិត្ត​ដល់​គណៈប្រតិភូ​ធុរកិច្ច​អាមេរិក​ឱ្យ​បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​លម្អិត​បន្ថែមទៀត ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​ចាប់​យក​ឱកាស​វិនិយោគ និង​ធុរកិច្ច​ក្នុង​វិស័យ​កសិកម្ម វិស័យ​អប់រំ និង​វិស័យ​សក្ដានុពល​ផ្សេងៗ​ទៀត នៅ​កម្ពុជា​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *