សម្ដេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាត​ឱ្យ ឯកឧត្តម កា​ណាត់ ទូមិស​ហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូត​កា​ហ្សាក់​ស្ថាន​តែងតាំង​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជូន​សារតាំង​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣ កើត ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម កា​ណាត់ ទូមិស​ហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ​កា​ហ្សាក់​ស្ថាន ចូល​ជូន​សារតាំង នៅ​វិមាន​ព្រឹទ្ធសភា​។​

​ជា​កិច្ច​ចាប់ផ្តើម ក្នុង​ព្រះបរមនាម​ព្រះករុណា​ព្រះមហាក្សត្រ និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​តេជោ បាន​សម្តែង​នូវ​ការស្វាគមន៍ និង​អបអរសាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម Kanat TUMYSH ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​កា​ហ្សាក់​ស្ថាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​តេជោ បានកត់សម្គាល់​ដោយ​សេចក្តី​ពេញចិត្ត​ចំពោះ​ការខិតខំ​ពង្រឹង​ទំនាក់ទំនង​ការទូត​អស់​រយៈពេល​៣០ ឆ្នាំ​រវាង​កា​ហ្សាក់​ស្ថាន និង​កម្ពុជា តាមរយៈ​ការផ្លាស់ប្តូរ​អគ្គរដ្ឋទូត​នៃ​ប្រទេស​ទាំង​ពីរ ដែល​ឯកអគ្គរាជទូត​កម្ពុជា ក៏​ទើបបាន​ចូល​ជូន​សារតាំង ប្រធានាធិបតី​កា​ហ្សាក់​ស្ថានក្នុង​ពេល​កន្លងទៅ​នេះ​។​

​នា​ឱកាស​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេជោ ប្រមុខរដ្ឋស្តីទី ដែល​បាន​ផ្តល់​កិត្តិយស​អនុញ្ញាតឱ្យ​ឯកឧត្តម បាន​ចូលជួប និង​ជូន​សារតាំង នា​ឱកាស​នេះ​។ ឯកឧត្តម បាន​ពាំនាំ​ការសួរសុខទុក្ខ​និង​ការគោរព​រាប់អាន​របស់​ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កា​ហ្សាក់​ស្ថាន គោរព​ជូន​សម្តេច​តេជោ ប្រមុខរដ្ឋស្តីទី ដោយ​ឯកឧត្តម​ប្រធានាធិបតី តែង​គោរព​កោតសរសើរ​សម្តេច​តេជោ ក្នុងឋានៈ​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ក្នុង​ពិភពលោក បាន​លះបង់​ខ្ពស់​ដើម្បី​ការពារ សន្តិភាព និង​អភិវឌ្ឍ​ប្រទេសជាតិ​។​

​ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ការទូត​រយៈពេល ៣០​ឆ្នាំ មកនេះ ដែល​មាន​មូលដ្ឋាន​លើ​ការទុកចិត្ត​គ្នា ការគាំទ្រ​គ្នា និង​ការផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​។ កា​ហ្សាក់​ស្ថាន តែងតែ​ចាត់ទុក​កម្ពុជា ជា​ដៃគូ​ដ៏​ល្អ​ប្រសើរ​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ឯកឧត្តម បានបញ្ជាក់​ថា កន្លង​មក​ប្រទេស​យើង​ទាំង​ពីរ​តែង​គាំទ្រ​គ្នា ក្នុង​កម្រិត​អង្គការ​អន្តរជាតិ​ដូចជា អង្គការសហប្រជាជាតិ សន្និសីទ​ស្តីពី​អន្តរ​កម្ម និង​វិធានការ​កសាង​ទំនុកចិត្ត​អាស៊ី (CICA) វេទិកា​អាស៊ី​អឺរ៉ុប និង​សមាគម​អាស៊ាន ផងដែរ​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ជម្រាប​សម្តេច​តេជោ ប្រមុខរដ្ឋស្តីទី ពី​ការដាក់ចេញ​នូវ​ទស្សនវិស័យ​ថ្មី​សម្រាប់​អនាគត​របស់​ប្រទេស​កា​ហ្សាក់​ស្ថាន ដោយ​ឯកឧត្តម​ប្រធានាធិបតី Kassym-Jomart Tokayev កាលពី​ថ្ងៃ​ទី ២ ខែកញ្ញា​កន្លងមក ដោយ​ផ្តោត​លើ​ការធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច ពិពិធ​កម្ម​សេដ្ឋកិច្ច ទាក់ទាញ​ការវិនិយោគ ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ជំរុញ​នវានុវត្តន៍ ការការពារ​បរិស្ថាន និង​ការពង្រឹង​មូលធន​មនុស្ស​។ ចំពោះ​គោលនយោបាយ​ការបរទេស​វិញ កា​ហ្សាក់​ស្ថាន​នៅតែ​បន្ត​ពង្រឹង​ទំនាក់ទំនង​ការទូត និង​មិត្តភាព​ជាមួយ​កម្ពុជា គ្មាន​ថ្ងៃ​ផ្លាស់ប្តូរ​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ជម្រាប សម្តេច​តេជោ ថា កា​ហ្សាក់​ស្ថាន នឹង​ធ្វើ​ប្រជាមតិ នៅ​ខែ​តុលា ឆ្នាំ​២០២៤ នេះ ដើម្បី​កសាង​រោងចក្រ​ថាមពលនុយក្លេអ៊ែ សម្រាប់​ស្ថិរភាព​សេដ្ឋកិច្ច និង​សន្តិសុខ​ថាមពល​របស់​ប្រទេស​កា​ហ្សាក់​ស្ថាន​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ប្រទេស​កម្ពុជា ចំពោះ​ការគាំទ្រ កា​ហ្សាក់​ស្ថានក្នុង​នាម​ជា​ប្រធាន CICA​។ ឯកឧត្តម សង្ឃឹមថា កម្ពុជា​នឹង​បន្ត​គាំទ្រ​កា​ហ្សាក់​ស្ថាន ក៏ដូចជា​គាំទ្រ​ដល់​សេចក្តីព្រាង​ដំបូង​នៃ​ធម្មនុញ្ញ CICA (First Draft of CICA Charter) ដើម្បី​ធ្វើឱ្យ​សន្និសីទ​នេះ ក្លាយជា​អង្គការ​កម្រិត​អន្តរជាតិ​ជា​ផ្លូវការ​មួយ​។ ក្រៅពីនេះ ឯកឧត្តម ក៏​សូម​ស្នើ​កម្ពុជា បន្ត​គាំទ្រ​កា​ហ្សាក់​ស្ថាន ក្នុងឋានៈ​ជា​ប្រទេស​សង្កេតការណ៍​របស់​អា​ស៊ាន និង​ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ​ផ្សេងៗ​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​បន្តទៀតថា យោង​តាម​ទស្សនវិស័យ​ថ្មី កា​ហ្សាក់​ស្ថាន ចង់​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា ដែល​ជា​ដៃគូ​ដ៏​ល្អ និង​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេហ៍​ដទៃទៀត លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនង​នយោបាយ និង​វប្បធម៌​ជាដើម​។ ក្នុង​វិស័យសេដ្ឋកិច្ច ឯកឧត្តម​ទទួលស្គាល់ថា ទំហំ​ពាណិជ្ចកម្ម​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំង​ពីរ គឺ​នៅមានកម្រិត​ទាប​នៅឡើយ ប៉ុន្តែ​ឯកឧត្តម​នឹង​ខិតខំ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​ឈាន​ដល់​ទំហំ ៣០០​លាន​ដុល្លារ​អាមេរិក និង​ដល់​កម្រិត ១ ពាន់​លាន​ដុល្លារ​អាមេរិក​នា​ថ្ងៃ​ខាងមុខ​។ ឯកឧត្តម​បញ្ជាក់ថា ប្រទេស​កា​ហ្សាក់​ស្ថាន មាន​សក្តានុពល​ក្នុង​វិស័យ​កសិកម្ម រ៉ែ ថាមពល និង​ហេដ្ឋរចនាសម្ព័ន្ធ​ដឹកជញ្ចូន​។​

​ឯកឧត្តម បាន​ជម្រាប​សម្តេច​តេជោ ប្រមុខរដ្ឋស្តីទី ពី​គម្រោង​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​កា​ហ្សាក់​ស្ថាន និង​ក្រុងព្រះសីហនុ​ផងដែរ ដើម្បី​ពង្រីក​ទំនាក់ទំនង​វប្បធម៌ ជំរុញ​កំណើន​ទេសចរ និង​ជំរុញ​អ្នកវិនិយោគ ដែល​ត្រូវ​ធ្វើដំណើរ​ទៅមក​រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម ក៏​បាន​លើក​អំពី​ការតភ្ជាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​របស់​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន ជាមួយ​ផ្លូវ​សូត្រ​ចិន និង​ច្រករបៀង Caspian (Caspian Corridor) ដែល​អាច​ឱ្យ​កម្ពុជា​ដឹកជញ្ជូន​ទំនិញ​ទៅ​អឺរ៉ុប ដោយ​ប្រើ​រយៈពេល​ត្រឹម ១៥​ថ្ងៃ បើ​ធៀប​ទៅ​នឹង​ការ​ដឹក​តាម​សមុទ្រ​ដែល​ត្រូវ​ប្រើ​រយៈពេល ២ ខែ​។​

​លើសពីនេះទៅទៀត ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​លើក​ពី​គំនិត​ផ្តួចផ្តើម​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល ដោយ​ឯកឧត្តម​មាន​បំណង​រៀបចំ​ឱ្យមាន​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​រដ្ឋ​មន្ត្រី​សុខាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ពិភាក្សា​ពី​យន្តការ​ការពារ និង​ព្យាបាល​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ដែល​មាន​ការផលិត​វ៉ាក់សាំង​ទប់ស្កាត់​ជំងឺរា​ត្បាត​ជាដើម​។ នៅក្នុង​សម័យ​កូវី​ដ​១៩ កា​ហ្សាក់​ស្ថានបាន ផលិត​វ៉ាក់សាំង ដោយ​ជោគជ័យ​ចំនួន ២ ប្រភេទ​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​ស្នើ​ឱ្យមាន​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​រវាង​ប្រទេស​ទាំង​ពីរ សម្រាប់​អ្នក​កាន់​លិខិត​ឆ្លងដែន​ផ្លូវការ និង​ការទូត​ផងដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សូម​គោរព​អញ្ជើញ សម្តេច​តេជោ បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​កា​ហ្សាក់​ស្ថាន និង​ចូលរួម​សន្និសីទ​អន្តរជាតិ​ដែល​កា​ហ្សាក់​ស្ថាន​ធ្វើជា​ម្ចាស់ផ្ទះ ដើម្បី សម្តេច​តេជោ អាច​ចែករំលែក​បទពិសោធ ទស្សនៈ​ដឹកនាំ​ប្រទេស ប្រកបដោយ​គតិបណ្ឌិត ទៅ​ដល់​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​ដទៃ​ទៀត ជាពិសេស​គឺ​បណ្តា​ប្រទេស​នៅ​អាស៊ី​កណ្តាល​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ ប្រមុខរដ្ឋស្តីទី បាន​អរគុណ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដែល​បាន​រំលេច​ពី​ទំនាក់ទំនង​ជាង​៣០​ឆ្នាំ​មកនេះ និង​បញ្ហា​មួយចំនួន​ដែល​ប្រទេស​យើង​ទាំង​ពីរ​គួរ​សហការគ្នា​។ សម្តេច​តេជោ បាន​អបអរសាទរ​ដល់​ប្រទេស​កា​ហ្សាក់​ស្ថាន ដែល​បាន​សម្រេច​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​យ៉ាង​ឆាប់ រហ័ស​រហូត​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។ សម្តេច​តេជោ បាន​ធ្វើ​ការកត់សម្គាល់​ថា កា​ហ្សាក់​ស្ថាន បាន​ដើរ​នាំមុខ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​កណ្តាល លើ​បញ្ហា​ជាច្រើន ទាំង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេសជិតខាង និង​អង្គការ​អន្តរជាតិ​, ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច​។​

​សម្តេច​តេជោ បាន​មានប្រសាសន៍ថា សម្តេច​ធ្លាប់​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​កា​ហ្សាក់​ស្ថាន ក្នុង​ឆ្នាំ​១៩៨២ តាំងពី​ប្រទេស​នេះ​នៅក្នុង​សហភាពសូវៀត​នៅឡើយ ដែល​បាន​សេចក្តី​ថា​យើង​មាន​ទំនាក់ទំនង​នឹង​គ្នា​លើសពី​៣០​ឆ្នាំ​។ ក្នុង​ដំណើរ​ទស្សនកិច្ច សម្តេច​នៅ​ចាំបាន​ថា ទឹក​ដីកា​ហ្សាក់​ស្ថាន​ត្រូវបាន​ប្រើប្រាស់​ជា​មជ្ឈម​ណ្ឌ​ល​ថាមពលនុយក្លេអ៊ែ នា​សម័យ​នោះ​។​

​សម្តេច​តេជោ បាន​កោតសរសើរ​ប្រទេស​កា​ហ្សាក់​ស្ថាន ដែល​ជា​ប្រទេស​មាន​ភ័ព​សំណាង​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ដូចជា​ប្រេង និង​រ៉ែ​ធម្មជាតិ​ផ្សេងៗ ព្រមទាំង​មាន​សក្តានុពល​វិស័យ​កសិកម្ម​ថែមទៀត​។ សម្តេច​តេជោ បាន​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម ដែល​ឯកឧត្តម​អគ្គរដ្ឋទូត​បាន​លើកឡើង ដូចជា​កិច្ច​ព្រមព្រៀង​លើកលែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ផ្លូវការ និង​ការទូត និង​កិច្ចសហប្រតិបត្តិការ​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ចកម្ម​ជា​ដើម​។ ក្នុងនោះ​សម្តេច​តេជោ បាន​ផ្តល់​អនុសាសន៍​ឱ្យ​គិតគូរ​រៀបចំ​កិច្ចព្រមព្រៀង​គាំពារ​អ្នកវិនិយោគ និង​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួត​គ្នា ដែល​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ ត្រូវ​បន្ត​ពិភាក្សា​។ សម្តេច​តេជោ បាន​គូសបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្មរ​ប់​យើង​គឺ​នៅ​ទាប​ខ្លាំង​ណាស់​ខណៈ សក្តានុពល​នៃ​ប្រទេស​យើង​ពីរ​មាន​ច្រើន​។​

​សម្តេច​តេជោ ក៏​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​ត​ភ្ជាប់​ផ្លូវអាកាស ដោយ​ការហោះហើរ​ត្រង់​បី​កា​ហ្សាក់​ស្ថាន មក​ព្រលានយន្តហោះ​នៅ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ​។ សម្តេច​តេជោ មានប្រសាសន៍ថា ប្រជាជន​កា​ហ្សាក់​ស្ថាន ក៏​ដូច​ប្រជាជន​រុស្ស៊ី គឺ​ចូល​ចិត្ត​មក​សម្រាក​រដូវក្តៅ​នៅ​អាស៊ី ដើម្បី​គេច​ពី​រដូវ​ត្រជាក់​នៅក្នុង​ប្រទេស​របស់ខ្លួន និង​ភាគច្រើន​គឺ​ចូល​ចិត្ត​ទៅលេង​តំបន់​សមុទ្រ ហើយ​កម្ពុជា​មាន​លទ្ធភាព​ផ្គត់ផ្គង់​ជូន​តាម​តម្រូវការ​ដល់​អ្នកទេសច​រ​ទាំងនេះ​។ ចំពោះ​ការតភ្ជាប់​ផ្លូវ​លឿន​លឿន​អាស៊ី និង​ផ្លូវ​រទេះភ្លើង​ល្បឿន​លឿន​អាស៊ី ដែល​ភ្ជាប់​ប្រទេស​តំបន់​អាស៊ាន​ទៅ​ចិន និង​ទៅ​អាស៊ី​កណ្តាល ប្រទេស​កម្ពុជា នឹង​អនុវត្ត​តាម​ផែនការ​អាស៊ាន ស្តី​ពី​ការតភ្ជាប់​នេះ ដែល​ច្បាស់​ណាស់​និង​ឆ្លងកាត់​កា​ហ្សាក់​ស្ថាន​ផងដែរ​។​

​សម្តេច​តេជោ ក៏​បាន​អបអរសាទរ កា​ហ្សាក់​ស្ថាន ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ការផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩​។ សម្តេច ជឿ​ថា​ជំងឺ​កូវី​ដ​-១៩ នៅ​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​មនុស្ស​នោះទេ ដោយសារ​ការ​បំប្លែង​ខ្លួន​របស់​វា​ជា​បន្តបន្ទាប់​។ ដូច្នេះ​កម្ពុជា នឹង​នឹកឃើញ​ប្រទេស​កា​ហ្សាក់​ស្ថាន ដែល​ជា​ប្រទេស​ដៃគូ​នៅពេល​ត្រូវការ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *