ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ ការអប់រំ​តាម​បែប​សាសនា និង​វិទ្យាសាស្ត្រ ជំរុញ​ឱ្យ​ជាតិ​មាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​

ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ទិវា​ជាតិ​អន្តរ​សាសនា​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្រោម​ប្រធានបទ «​ការអប់រំ​សីលធម៌​តាម​វិស័យ​សាសនា បង្ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​សម័យ​ឌីជីថល​» នា​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអប់រំ​តាម​បែប​សាសនា និង​វិទ្យាសាស្ត្រ​ដើម្បី​ជំរុញ​ឱ្យ​ជាតិ​មាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ក្នុងនាម​ជា​អធិបតី​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ទិវា​ជាតិ​អន្តរ​សាសនា​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដែល​បាន​ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​កត់សម្គាល់​ថា ភាព​សុខុដុមរមនា​នៃ​សាស​នាក្នុង​ព្រះរាជាណាចក្រក​ម្ពុ​ជា ទាំង​ព្រះពុទ្ធសាសនា ឥស្លាម​សាសនា និង​គ្រឹស្តសាសនា បាន​បង្ហាញ​អំពី​មោទកភាព​ជាតិខ្មែរ​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​បន្តទៀតថា សុខុ​ដុមនីយកម្ម ការទំនាក់ទំនង​សហការ​រួម​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ការកសាង​អំពើ​ល្អ​ខាង​សាសនា គឺជា​ការបណ្តុះ​នូវ​ពុទ្ធិ និង​ការអភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព ជាពិសេស​គឺ​ការអប់រំ​បញ្ញា​ស្មារតី គុណធម៌ និង​សីលធម៌​របស់​ប្រជាជន ក្នុង​បរិបទ​សម័យកាល​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជឿនលឿន​ជា​សកល នាពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​គូសបញ្ជាក់​ដែរ​ថា ការអប់រំ​កាយ វាចា ចិត្ត និង​បញ្ញា​ស្មារតី​តាម​បែប​សាសនា ពិតជា​មាន​សារៈសំខាន់​ដែល​អាច​ជួយ​ឱ្យ​ប្រជាជន បាន​យល់ដឹង​អំពី​គុណ​និង​ទោស បុណ្យ​និង​បាប កុសល​និង​អកុសល មាន​ហេតុ​មាន​ផល អ្វី​ដែល​គួរ​ប្រព្រឹត្ត និង​អ្វី​ដែល​មិនគួរ​ប្រព្រឹត្ត ហើយ​មាន​ការព្យាយាម​ប្រព្រឹត្ត​ខ្លួន​ឱ្យ​ល្អ​ទៅក្នុង​សេចក្តីសុខ​ជា​ប្រក្រតី​គឺ ការរស់នៅ​ប្រកបដោយ​សីលធម៌ សេចក្តីថ្លៃថ្នូរ ចេះ​គោរព​ឱ្យ​តម្លៃ​គ្នា មិន​តាំង​ចេតនា​បំផ្លាញ​គ្នា មាន​សាមគ្គីភាព​ជាមួយ​គ្នា ចេះ​ជួយ​យកអាសារ​គ្នា មាន​ស្មារតី​នឹងនរ រឹងមាំ និង​មិន​លង់​តាម​កលល្បិច​បោក​បញ្ឆោត​តាម​គ្រប់​រូបភាព​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏បាន​មានប្រសាសន៍​រម្លឹក​បន្ថែ​ម​ថា ក្រោយ​ការរំដោះ​ក្នុង​ថ្ងៃ ៧ មករា ឆ្នាំ​១៩៧៩ ប្រជាជន​ដែល​នៅ​សេសសល់​ពី​សេចក្តីស្លាប់ បាន​ទទួល​នូវ​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការគោរព​ជំនឿ​សាសនា​ឡើង​វិញ​រហូត​មកដល់​ពេលច្ចុប្បន្ននេះ ចំនួន​វត្ត​អារាម​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មាន​រហូតដល់​ទៅ​ជាង ៥ ០០០​វត្ត ព្រមទាំង​ព្រះវិហារ​គ្រឹស្តសាសនា និង​ឥស្លាម​សាសនា គ្របដណ្តប់​ស្ទើរ​គ្រប់​ឃុំ សង្កាត់ រហូត​ដល់​ភូមិ និង​មាន​បុព្វ​ជិត​រាប់ម៉ឺន​អង្គ ដែល​អាច​ផ្តល់​នូវ​ឱវាទ​ដល់​ប្រជាជន តាម​ការ​ទេសនា​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្មវិធី​ឌីជីថល ដើម្បី​ជួយ​ចម្រើន​វិស័យ​សង្គមកិច្ច និង​វិស័យ​សេដ្ឋកិច្ច​សង្គម​។​

​ក្នុងនាម​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ស្នើ​ឱ្យ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ បន្ត​រៀបចំ​ផែនការ​សកម្មភាព​ឱ្យបាន​ច្បាស់លាស់ និង​ងាយស្រួល​ក្នុង​ការអនុវត្ត​សកម្មភាព​ការអប់រំ បង្ការ​ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស និង​បទល្មើស​ពាក់ព័ន្ធ ព្រមទាំង​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​សកម្មភាព​បែប​សាសនា​អប់រំ​ប្រជាជន ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ​សង្គម​ប្រកបដោយ​ចីរភាព​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *