ក្រសួង​ព័ត៌មាន​រៀបចំ​ពិធី​សំណេះសំណាល និង​ផ្សព្វផ្សាយ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ជូន​ដល់​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​សៀមរាប​

ខេត្តសៀមរាប ៖ ក្រោម​កិច្ចសហការ​ពី​រដ្ឋបាល​ខេត្ត​សៀមរាប ក្រសួង​ព័ត៌មាន​បាន​រៀបចំ​ពិធី​សំណេះសំណាល និង​ផ្សព្វផ្សាយ​ធម្មនុញ្ញ វិជ្ជាជីវៈ​សារព័ត៌មាន ជូន​ដល់​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត សំដៅ​បង្កើន​ការយកចិត្តទុកដាក់ គោរព​ឲ្យបាន​ត្រឹមត្រូវ​នូវ​ក្រម​សីលធម៌វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ។

​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៤ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់ ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង លោក ង៉ូវ សេង​កាក់ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​មាន​ការចូលរួម​ពី​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព និង ភ្នាក់ងារ​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត ប្រមាណ ២០០​នាក់​ចូលរួម ។​

​មានប្រសាសន៍​នៅក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ លើកឡើងថា នេះ​ជា​លើក​ដំបូង​បំផុត​ដែល​ក្រសួង​ព័ត៌មាន បាន​យក​គោលដៅ​ខេត្តសៀមរាប ធ្វើជា​កន្លែង​ផ្សព្វផ្សាយ​ក្រម​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ​។ ឯកឧត្តម ថា កាលពី​ពេល​ថ្មីៗ​នេះ ក្រសួង​ព័ត៌មាន បាន​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​ជា​មូលដ្ឋាន​គ្រឹះ​របស់​ក្រមសីលធម៌​សារព័ត៌មាន​។ ឯកឧត្តម​ថា ក្នុងសម័យ​បដិវត្ត​ឧស្សាហកម្ម​៤.០ វិស័យ​ព័ត៌មាន​កាន់តែ​មាន​ភាព​ទំនើប ហើយ​មនុស្ស​គ្រប់រូប​ក៏​សុទ្ធតែ​ជា​អ្នកព័ត៌មាន​ផងដែរ ។ ប៉ុន្តែ​សម្រាប់​អ្នកសារព័ត៌មាន​អាជីព ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន គឺជា​អាវ​ក្រោះ​ការពារ​ខ្លួន​យើង​ឲ្យមាន​កិត្តិយស មាន​សេចក្តីថ្លៃថ្នូរ ។ ដូច្នេះ​ការ​គោរព​បាន​នូវ​ក្រម​វិជ្ជាជីវៈ​នេះ គឺជា​ការផ្តល់​តម្លៃ​ដល់​អាជីព​របស់​យើង​។

​ជាមួយនឹង​ការគោរព​នូវ​ធម្មនុញ្ញ​វិជ្ជាជីវៈ​នេះ​ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏​បាន​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអ​ស់​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត​និង​មាន​ប្រភព​ច្បាស់​លាស់ ចៀសវៀង​ចំពោះ​ការផ្សាយ​ព័ត៌មាន​ទាំងឡាយណា​ដែល​មិន​ច្បាស់លាស់ ដែល​អាច​នាំ​ឲ្យ​បង្ក​ជា​ចលាចល​សង្គម​។

​អភិបាលរង​ខេត្តសៀមរាប លោក ង៉ូវ សេង​កាក់ បាន​សម្តែង​នូវ​ការកោតសរសើ​ចំពោះ មន្ទីរ​ព័ត៌មាន​ខេត្ត​ក៏​ដូចជា​អ្នកសារព័ត៌មាន​ក្នុង​ខេត្តសៀមរាប ដែល​កន្លង​មក​តែង​បាន​ធ្វើ​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែលមាន​ខ្លឹមសារ​ល្អ ក៏​ដូចជា​បាន​ជួយ​ផ្សព្វផ្សាយ​អំពី​ឆ្នាំ​ទស្សនា​សៀមរាប ២០២៤​ផងដែរ ។ លោក​ក៏​បាន​លើកឡើង​ថា រាល់​ខ្លឹមសារ​នៃ​សារព័ត៌មាន ដែល បងប្អូន​ធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា គឺ​មួយ​ចំនួន​ជា​វិជ្ជមាន និង មួយចំនួន​តូច​អវិជ្ជមាន ដែល​ធ្វើឲ្យ​មហាជន​មាន​ការភ័ន្តច្រឡំ ដែល​បង្ក​នូវ​ភាព​អវិជ្ជមាន​នៅក្នុង​សង្គម​ជាតិ ។ កត្តា​សំខាន់​នោះ ដោយ​ខេត្ត​សៀមរាប ជា​តំបន់​ប៉ូល ទេសចរ ហើយ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ខេត្តសៀមរាប ពឹងផ្អែក​លើ​វិស័យ​ទេសចរ ហើយ​ចុង​ប៉ា​ការបស់​សារព័ត៌មាន​បាន​ផ្សព្វផ្សាយ​ពី​អវិជ្ជមាន​នោះ នឹង​ធ្វើឲ្យ​បាត់បង់​ភ្ញៀវ​ទេសចរ​ពី​ខេត្តសៀមរាប ។​

​យោងតាម​របាយការណ៍​ស្វាគមន៍ របស់លោក សេង ផល្លី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ស្តីទី បានដឹងថា សម្រាប់​ខេត្ត​សៀមរាប ២០២៤ គឺជា​ឆ្នាំ​ដ៏​មមាញឹក​នៃ​ព្រឹត្តិការណ៍​តូច ធំ ថ្នាក់ជាតិ និង​អន្តរជាតិ ដែល​នេះ​ជា​ការគិតគូរ​យ៉ាង​ហ្មត់ចត់ និង​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល រួមមាន “​ឆ្នាំ​ទស្សនា​សៀមរាប​” “​ការផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន​” ព្រម​ជាមួយ​ការចូលរួម​បង្កើត​ព្រឹត្តិការណ៍​លំដាប់​ជាតិ អន្តរជាតិ ជាច្រើន​ទៀត ដើម្បី​បង្កើន​ចលនា​ទេសចរណ៍ ដែល​ជា​ចរន្ត​សេដ្ឋកិច្ច​អាទិភាព​របស់​ខេត្ត​។ ទន្ទឹម​នោះ ក្រសួង​ព័ត៌មាន ក៏ដូចជា​រដ្ឋបាលខេត្ត បាន​ខិតខំ​យ៉ាង​សស្រាក់​ស្រាំ ក្នុង​ផ្សព្វផ្សាយ​ពី​ការអភិវឌ្ឍ និង​ផលិតផល​ទេសចរណ៍​ក្នុង​ខេត្ត តាម​គ្រប់​រូបភាព លើសពីនោះ អាជ្ញាធរ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក៏​បាន​ជំរុញ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​អ្នកសារព័ត៌មាន សូម​ចូលរួម​ផ្សព្វផ្សាយ​ដំណឹង​ល្អៗ​ក្នុង​ខេត្ត​ទាំងអស់នោះ ដើម្បី​ជា​ការទាក់ទាញ​ទៅ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។ ក្នុងនោះដែរ មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ចូលរួម​យ៉ាង​សកម្ម​លើ​ការផ្សព្វផ្សាយ និង​សម្របសម្រួល​ជាមួយ​តួអង្គ​ពាក់ព័ន្ធ​ក្នុង​វិស័យ​ព័ត៌មាន ធ្វើយ៉ាងណា​ឱ្យ​អ្នក​ស្ដាប់ និង​ទស្សនិកជន​ទទួលបាន​ដំណឹង​ព័ត៌មាន​ពិត​និង​ល្អៗ ពី​ខេត្ត​សៀមរាប សំដៅ​បង្កើន​ប្រជាប្រិយភាព និង​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ខេត្ត​សៀមរាប​ឱ្យ​កាន់តែ​ច្រើន​បន្ថែមទៀត​។

​បន្ថែម​លើ​នេះ មន្ទីរ​ព័ត៌មាន​រាជធានី​ខេត្ត​និយាយ​ជា​រួម និង​និយាយ​ដោយឡែក​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ទទួល​នូវ​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ក្រៅពី​ភារកិច្ច​ប្រមូល និង​ចែកចាយ​ព័ត៌មាន មន្ទីរ​ព័ត៌មាន ក៏​ជា​សេនាធិការ​ចម្បង​របស់​រដ្ឋបាល​ខេត្ត ក្នុង​ការអនុវត្ត​កិច្ចការ​សាធារណមតិ និង​បុរេ​សកម្ម ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ។

​លោក សេង ផល្លី បន្តថា ស្រប​តាម​តួនាទី ភារកិច្ច​ខាងលើ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​កំពុង​បំពេញ​តួនាទី​យ៉ាង​ខ្ជាប់ខ្ជួន ប្រកប​ដោយ​ភាព​សកម្ម​បំផុត និង​សម្រេច​លទ្ធផល​បាន​យ៉ាង​ល្អប្រសើរ តាម​គោលការណ៍ និង​ផែនការ​ណែនាំ​របស់​ក្រសួង​ព័ត៌មាន និង​អាជ្ញាធរ​ខេត្ត ។ លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នេះ គឺ​ទទួលបាន​ពី​ការចូលរួម និង​កិច្ចសហការ​ល្អ​ពី អាជ្ញាធរ​ក្រុង​-​ស្រុក និង​មន្ទីរ​-​អង្គភាព​ក្នុង​ខេត្ត រួម​និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *