មានប្រសាសន៍នៅក្នុងពិធីដ៏មហោទ្បារិក សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកពីភារកិច្ចស្នូលរបស់សមាគមឧកញ៉ាកម្ពុជា គឺការចូលរួមក្នុងសង្គមតាមរយៈការបង្កើតសកម្មភាពសេដ្ឋកិច្ច ដើម្បីបង្កើតការងារឱ្យប្រជាពលរដ្ឋ ។ សម្តេចធិបតី ក៏បានលើកឡើងថារាជរដ្ឋាភិបាល តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងបន្តពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយប្រកាន់ ខ្ជាប់នូវគោលការណ៍ «គិតរួមគ្នា ធ្វើសកម្មភាពរួមគ្នា និងទទួលខុសត្រូវរួមគ្នា» ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានរៀបចំវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនជាប្រចាំ ហើយវេទិកាលើកទី ១៩ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ បានអនុម័តកញ្ចប់វិធានការ កែទម្រង់ជាក់ស្តែងជាច្រើន ដើម្បីសម្រាលបន្ទុករបស់វិស័យឯកជន ។
ទាក់ទិនទៅនឹងការលើកកម្ពស់វិស័យទេសចរណ៍ សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសឱ្យអនុវត្តការទទួលយកក្រដាសប្រាក់ដាច់រហែក ទក់ ខូច ឬប្រឡាក់តិចតួចនៅក្របខណ្ឌទូទាំងប្រទេសតែម្តង ដោយមិនមានការកាត់ថ្លៃសេវា (កាត់ទឹក)។ សម្តេចធិបតី ក៏បានលើកទឹកចិត្តប្រជាពលរដ្ឋ អ្នកធ្វើធុរកិច្ច ជួយជំរុញការប្រើប្រាស់ប្រាក់រៀលរបស់ជាតិឱ្យបានច្រើន ដែលជាការលើកកម្ពស់ដល់ប្រាក់រៀលផង និងបង្ហាញពីការលើកតម្កើងអត្តសញ្ញាណជាតិផង ។
ទន្ទឹមនេះ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ តទៅ នៅព្រលានយន្តហោះទាំង៣ នឹងអនុវត្តការបង់ប្រាក់ ការបំពេញសលាកបត្រចូល និង ការដាក់ពាក្យសុំទិដ្ឋាការ តាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃការបំពេញបែបបទរបស់អ្នកដំណើរបរទេសចូលមកកម្ពុជា ។ លើសពីនេះ សម្ដេចធិបតី បានស្នើអាជ្ញាធរជាតិអប្សរា ឱ្យបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ដែលក្នុងនោះ ទី១) រាល់ការថតសម្រាប់ធ្វើអាជីវកម្ម មានដូចជាការថតភាពយន្តខ្នាតធំ-តូចគ្រប់ប្រភេទ ការថតវីដេអូ-រូបសន្លឹក សម្រាប់ផលិតក្នុងគោលដៅធ្វើអាជីវកម្ម និងការថតដោយប្រើដ្រូន ត្រូវសុំការអនុញ្ញាត និងត្រូវបង់ប្រាក់ ទី២) រាល់ការថតមិនធ្វើអាជីវកម្ម រួមមានដូចជា សារព័ត៌មានផ្លូវការទាំងជាតិ និងអន្តរជាតិ ដែលថតប្រាសាទក្នុងគោលដៅផលិតព័ត៌មាន គឺត្រូវសុំច្បាប់ តែមិនតម្រូវឱ្យបង់ប្រាក់ ។ ចំពោះប្រជាពលរដ្ឋ មិនតម្រូវឱ្យសុំច្បាប់ ឬបង់ប្រាក់ទ្បើយ ប៉ុន្តែត្រូវប្រកាន់នូវក្រមសីលធម៌ក្នុងការស្លៀកពាក់ឱ្យបានសមរម្យ ពិសេស ត្រូវស្ដាប់តាមការណែនាំរបស់មន្ត្រីភ្នាក់ងារអាជ្ញាធរជាតិអប្សារានៅតាមទីតាំងផ្ទាល់ ។
ក្នុងឱកាសនោះផងដែរ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យសមាគមឧកញ៉ាកម្ពុជារួមគ្នាបង្កើនការអភិវឌ្ឍខេត្តនៅទិសឦសាន ដើម្បីជំរុញសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍនៅតាមខេត្ដជាប់ព្រំដែនទាំង ៤នេះ ឱ្យកាន់តែរឹងមាំ ជាពិសេស គឺដើម្បីរួមគ្នាថែរក្សាបូរណភាពទឹកដី ។ ទន្ទឹមនេះ សម្តេច បានធ្វើការធានាអះអាងទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា ការអនុវត្តកម្មវិធី និងគម្រោងនៃតំបន់ត្រីកោណអភិវឌ្ឍន៏ កម្ពុជា-ទ្បាវ-វៀតណាម (CLV-DTA) នឹងមិនធ្វើឱ្យកម្ពុជាបាត់បង់បូរណភាពទឹកដីទ្បើយ ប៉ុន្តែគឺដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេសនាំមកនូវវិបុលភាពនៅក្នុងខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ៕