សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​

​សម្តេចមហាបវ​ធិបតី ហ៊ុន ម៉ា​ណែ​ត​ បានបញ្ជាក់អោយដឹងថា ៖ អស់​រយៈពេល ១២ ថ្ងៃ មកហើយ ដែល​ឧទ្ធម្ភាគចក្រ​មួយគ្រឿង របស់​កងទ័ព​ជើង​អាកាស នៃ​កងយោធពល​ខេមរភូមិន្ទ​  ហោះហើរ​ដោយ​អាកាសយានិក​ចំនួន ២ រូប បាន​បាត់​ការទាក់ទង​ជាមួយ​ទីបញ្ជាការ​ទ័ពអាកាស​។ ចាប់ពីពេលនោះ​មក​ទល់​ពេល​នេះ គឺ​មិន​មាន​មួយ​វិនាទី​ណា​ដែល​អាកាសយានិក​ទាំង​ពីរ​រូប ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​។

​ការស្វែងរក​ឧទ្ធម្ភាគចក្រ​នោះ បានចាប់ផ្តើម​ភ្លាមៗ​បន្ទាប់​ពី​បាត់​ការទាក់ទង ដោយ​មាន​ការចូលរួម​ពី​សំណាក់​កងយោធពល​ខេមរភូមិន្ទ និង​អាជ្ញាធរ​ដែនដី​នៅ​ហ្នឹង​កន្លែង ហើយ​មក​ដល់​ម៉ោង​នេះ កងកម្លាំង​រុករក​របស់​យើង​បាន​បន្ត​បេសកកម្ម​របស់​ខ្លួន​ទាំង​យប់​ទាំង​ថ្ងៃ មិន​ថា​មេឃ​រាំង ឬ​ភ្លៀង និង​មិន​ថា​ក្នុង​ព្រៃ​ជ្រៅ ឬ​ឆ្លងកាត់​ជ្រោះ​ជ្រលង​ទឹក​ហូរ​នោះទេ ក៏​ការស្វែងរក​អាកាសយានិក​ទាំង​ពីរ​រូប​នៅតែ​បន្ត​ជានិច្ច ។

​ខ្ញុំ​សូម​យក​ឱកាស​នេះ ធ្វើ​ការកោតសរសើរ​ចំពោះ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទេស​រដ្ឋមន្ត្រី​អនុប្រធាន​ទី​១ នៃ​គណ​:​កម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​, ឯកឧត្តម អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​, ឯកឧត្តម អគ្គមេបញ្ជាការ​រង នាយសេនាធិការ​ចម្រុះ​, ឯកឧត្តម អភិបាល នៃ​គណ​:​អភិបាលខេត្ត​ពោធិ៍សាត់​, ថ្នាក់ដឹកនាំ​គ្រប់​បណ្តា​អង្គភាព​ពាក់ព័ន្ធ ក៏​ដូចជា​ការខិតខំ​ប្រឹង​ប្រែង​របស់​បងប្អូន​ក្រុម​រុករក​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​នេះ​ដ៏​សំខាន់​មួយ​នេះ​។

​ខ្ញុំ​ក៏​សូម​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិស​ទី ដែល​បាន​បង្ហាញ​នូវ​សមានចិត្ត​ព្រួយបារម្ភ និង​ការលើកទឹកចិត្ត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុម​រុករក ដើម្បី​ស្វែងរក​អាកាសយានិក​របស់​យើង​ក្នុង​ភូមិសាស្ត្រ និង​អាកាសធាតុ​ដ៏​លំបាក​នេះ ។

​ទោះបី​ប្រឈម​នឹង​ការលំបាក ឬ​ត្រូវ​ប្រើ​ពេលវេលា​ច្រើន​យ៉ាងណាក៏ដោយ ក៏​បេសកកម្ម​រុករក​នេះ​ត្រូវតែ​បន្ត​ទៅមុខ រហូត​ដល់​យើង​អាច​រកឃើញ​អាកាសយានិក​របស់​យើង​ទាំង​ពីរ​រូប ។ ខ្ញុំ​សូម​ជូនពរ​ដល់​ក្រុម​ប្រតិបត្តិ​ការរុករក​ទាំង​អស់ សូម​សមប្រកប​តែ​នឹង​សេចក្តីសុខ សុវត្ថិភាព​ក្នុង​ការបំពេញ​បេសកកម្ម​ដ៏​សំខាន់​មួយ​នេះ ហើយ​សង្ឃឹម​យ៉ាង​មុខមាំ​ថា យើង​នឹង​អាច​រកឃើញ​បងប្អូន​អាកាសយានិក​ទាំង​ពីរ​រូប​ក្នុង​ពេល​ឆាប់ៗ​នេះ​៕​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *