ប្រធាន​អង្គការ JMAS របស់​ជប៉ុន កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កងកម្លាំង​របស់ CMAC ដែល​បាន​ខិតខំ​បំពេញ​ការងារ​ក្នុង​វិស័យ​បោសសម្អាត​មីន​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ និង​វិន័យ​ខ្ពស់​

​រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ កក្កដា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ YAMAZAKI Koji ប្រធាន​អង្គការ JMAS និង​ជា​អតីត​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​ស្វ័យការពារ​ជប៉ុន ជួប​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ YAMAZAKI Koji ប្រធាន​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន (JMAS) និង​ជា​អតីត​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​ស្វ័យការពារ​ជប៉ុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ក៏បាន អបអរសាទរ​ចំពោះ​សម្ដេច​ធិបតី ដែល​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា កាលពី​ខែ​សីហា ឆ្នាំ​២០២៣ កន្លងទៅ​។

​បន្ថែម​លើ​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​អង្គការ JMAS ជាមួយនឹង​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​សកម្មភាព​បោសសម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការជួយ​ទៅ​ដល់​ប្រជាជន ដែល​បាន​រងគ្រោះ​ពី​គ្រាប់មីន និង​សកម្មភាព​ផ្សេងៗ​។​

​ជាមួយគ្នានេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ក៏​បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី​អំពី​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​អង្គការ JMAS ជាមួយនឹង​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) ដែល​បាន​ផ្ដល់​នូវ​កិច្ចសហការ​យ៉ាង​ល្អប្រសើ​រលើ​សកម្មភាព​ជា​ច្រើន ដូច​ជា​សកម្មភាព​នៃ​ការ​បោសសម្អាត​គ្រាប់មីន និង​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​សម្រេចបាន​លើ​ផ្ទៃដី​សរុប​ជាង ៦.០០០​ហិកតា និង​ការរុករក​ឃើញ និង​កម្ទេច​ចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន ២០.០០០ គ្រាប់ ដោយ​ក្នុង​នោះ ឯកឧត្តម ក៏​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កងកម្លាំង CMAC របស់​កម្ពុជា​ដែល​បាន​ខិតខំ​បំពេញការងារ​ក្នុង​ការសហការ​ជាមួយ JMAS ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ ការទទួលខុសត្រូវ​និង​វិន័យ​ខ្ពស់​។​

​ក្រៅពី​សកម្មភាព​បោសសម្អាត​មីន JMAS ក៏​បាន​ចូលរួមចំណែក​ក្នុង​សកម្មភាព ផ្សេងៗ​មួយចំនួនទៀត ដូចជា​ការជួយ​ដល់​ប្រជាពលរដ្ឋ ក្នុង​វិស័យ​កសិកម្ម និង​អប់រំ តាមរយៈ​ការ​ផ្តល់​បច្ចេកទេស ដើម្បី​បង្កើន​ទិន្នផល​, ការបង្កើន​ប្រាក់​ចំណូល​ដល់​កសិករ​, ការចូលរួម​បណ្ដុះបណ្ដាល​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​គ្រោះថ្នាក់​នៃ​មីន និង​ការជម្លៀស​ខ្លួន​ចេញពី​តំបន់ ដែល​មាន​គ្រាប់មីន​, និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​សម្រាប់​សហគម​ន៍​ជនបទ ដូចជា​សាលារៀន​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​។

​ព្រម​ជាមួយគ្នានេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ក៏​បាន​បង្ហាញ​អំពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង CMAC បន្ថែមទៀត ក្នុង​គោលដៅ​ចូលរួម​ចំណែក​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ YAMAZAKI Koji និង​គណៈប្រតិភូ ព្រមទាំង​បាន​អរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​គាំទ្រ​កម្ពុជា ចាប់តាំងពី​ដំណើរការ​ស្វែងរក​សន្តិ​ភាព និង​ការចូលរួមចំណែក​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​រហូត​ដល់ពេល​បច្ចុប្បន្ន និង​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ ក៏​ដូច​ជា​សកម្មភាពរ​បស់ JMAS ជាមួយនឹង CMAC លើ​សកម្មភាព​បោសសម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​កិច្ចការ​នេះ​បាន​រួមចំណែក​ក្នុង​ការជួយ​ទៅដល់​ប្រជាជន​កម្ពុជា ដែល​បាន​រងគ្រោះ​ដោយសារ​គ្រាប់មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​បន្សល់ទុក​ពី​សង្គ្រាម ក៏ដូចជា​ការចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ដើម្បី​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​។​

​ទន្ទឹម​នោះ សម្ដេច​ធិបតី ក៏​បាន​គូសបញ្ជាក់​ផង​ផែ​រថា ការ​បោសសម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ គឺ​ជា​គោលដៅ​ចម្បង របស់​រាជរដ្ឋាភិបាល​ចាប់​តាំងពី​នីតិកាល​មុនៗ ហើយ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា នៅតែ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការបន្ត​សកម្មភាព​បោះ​សម្អាត​មីន ដោយ​សម្តេច​ធិបតី ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​ឆ្នាំ ១៩៩២ មក ប្រទេស​កម្ពុជា​បាន​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ផ្ទៃ​ដី​ជាង ៣.០០០ គីឡូម៉ែត្រ​ការ៉េ ហើយ​កម្ពុជា​នឹង​ខិតខំ​បន្ត​ការ​បោសសម្អាត​មីន ប្រមាណ​ជាង ១.៧០០ គីឡូម៉ែត្រ​ការ៉េ បន្ថែមទៀត​។​

​មុន​នឹង​បញ្ចប់ សម្តេច​ធិបតី បាន​លើកទឹកចិត្ត​ឱ្យ JMAS បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​នៅ​កម្ពុជា ដូចជា CMAC និង​អង្គភាព​ពាក់ព័ន្ធ​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​រួមចំណែក​ក្នុង​ការបោះសម្អាត​មីន​លើ​ផ្ទៃដី​ដែល​នៅ​សេសសល់​។

​ទន្ទឹម​នោះ សម្តេច​ធិបតី ក៏​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ក្នុងការ​បោសសម្អាត​មីន​ជា​មួយ​ភាគី​ជប៉ុន ទាំង​ក្នុង​កិច្ចសហប្រតិបត្តិការ​នៅ​កម្ពុជា និង​ការចូលរួម​សកម្មភាព​មនុស្សធម៌​បោសសម្អាត​មីន​នៅ​តាម​ប្រទេស​ផ្សេងៗ​។ ជាទី​បញ្ចប់ សម្ដេច​ធិបតី បាន​ជូនពរ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ និង​គណៈប្រតិភូ ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ធ្វើ​មាតុភូមិនិវត្តន៍ ប្រកប​ដោយ​សុខ​សុវត្ថិភាព​៕​

 

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *