លោកស្រី​ជី ថា​វី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កណ្តាល បាន​ទទួល​ជួប​គណៈប្រតិភូ មកពី​ប្រទេស​ទី​ម័រ ដើម្បី​សិក្សា​ស្វែងយល់​អំពី​ស្ថានភាព ទឹកស្អាត និង​អនាម័យ និង​យុទ្ធសាស្ត្រ​សម្រេច​បាន​ស្ថានភាព ODF និង​ODF+(Plus) នៅ​ខេត្ត​កណ្តាល​

​ខេត្ត​កណ្តាល​៖ ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៤ លោកស្រី ជី ថា​វី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កណ្តាល បាន​សម្តែង​នូវ​ការគោរព និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជា​ទីបំផុត ចំពោះ​វត្តមាន លោក លោកស្រី គណៈប្រតិភូ​អង្គការ Water Aid ដែល​អញ្ជើញ​មក​ពី​ប្រទេស​អូស្ត្រាលី ទី​ម័រ និង​កម្ពុជា ដែល​បាន ធ្វើ​ទស្សនកិច្ច​ដើម្បី​សិក្សា​ស្វែងយល់​អំពី​ស្ថានភាព ទឹកស្អាត និង​អនាម័យ និង​យុទ្ធសាស្ត្រ​សម្រេច​បាន​ស្ថានភាព ODF និង ODF+ នៅ​ខេត្ត​កណ្តាល​នា ក្នុងឱកាស​ដែល​ខេត្ត​កណ្ដាល សម្រេច​បាន​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ODF នៅ​ថ្នាក់​ជាតិ និង​បាន​ប្រកាស​ផ្ទៃក្នុង​របស់​ខេត្ត ជា​ខេត្ត​ដែល​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ODF+ នៅ​ដើមឆ្នាំ​២០២៤​នេះ​។

​មានប្រសាសន៍​ក្នុង​ជំនួប​នេះដែរ លោកស្រី ជី ថា​វី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កណ្តាល បាន​លើកឡើង​ថា​៖ អាស្រ័យ​ដោយ​ចង់​ឱ្យ​រដ្ឋបាល​ខេត្ត​កណ្តាល មាន​កិត្តិយស មាន​កេរ្តិ៍ឈ្មោះ មាន​កិត្យានុភាព ជា​ពិសេស​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ខេត្ត​កណ្តាល មាន​សុខភាព​ល្អ មាន​ជីវភាព​ធូរធារ មាន​អនាម័យ​បរិស្ថាន​ស្អាត រដ្ឋបាលខេត្ត ដែលមាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល មន្ទីរ​/​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង​/​ស្រុក ឃុំ​/​សង្កាត់ មេភូមិ អង្គការ​ដៃគូ បាន​ប្តេជ្ញាចិត្ត​រួម​គ្នា​ថា​ត្រូវតែ​សម្រេច​ឱ្យបាន​ខេត្តកណ្តាល​ជា​ខេត្ត ODF និង​ODF+​។

​លោកស្រី ប្រធាន​មន្ទីរ បន្តថា​៖ ភាពជោគជ័យ នៃ​ការសម្រេច​បាន ODF និង ODF+​នេះ គឺ​អាស្រ័យ​ដោយ​មាន​ការគាំទ្រ​ពី​គ្រប់ ភាគី​ពាក់ព័ន្ធ ទាំង​ក្រសួង​អភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ភូមិ ក៏​ដូច​អង្គការ​ដៃគូ ជាពិសេស​ការគាំទ្រ​ជា​សម្ភារ និង​ថវិកា ពី​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល តែម្តង រួម​ទាំង​រដ្ឋបាល​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន សប្បុរសជន​នានា ក៏​ដូច​អង្គការ​ដៃគូ​ផងដែរ​។

​លោកស្រី ប្រធាន​មន្ទីរ បានឱ្យដឹង​ទៀត​ថា​៖ ស្ថានភាព​អនាម័យ​ខេត្តកណ្តាល​នៅ​ឆ្នាំ​២០២៣ បង្ហាញឱ្យឃើញថា ខ្នង​ផ្ទះ​សរុប មាន​ចំនួន ២៧០,៣០០​ខ្នង​ផ្ទះ រីឯ​ខ្នង​ផ្ទះ​ជាក់ស្តែង​មាន​ចំនួន ២៦៨,០៩២​ខ្នង​ផ្ទះ ខ្នង​ផ្ទះ​សរុប​មាន​បង្គន់​ប្រើ​មាន​ចំនួន ២៦៨,០៩២ ខ្នង​ផ្ទះ ស្មើ​១០០% ក្នុងនោះ ខ្នង​ផ្ទះ​ប្រើ​បង្គន់​កែលម្អ​ផ្ទាល់ខ្លួន​មាន​ចំនួន ២៦៤, ៥៤៥ ស្មើ ៩៨.៧%, ខ្នង​ផ្ទះ​ប្រើ​បង្គន់​រួម​មាន​ចំនួន ៣,៥៧៥ ស្មើ ១.៣%, ក្រុង​/​ស្រុក ODF+ មាន​ចំនួន ១៣​ក្រុង​/​ស្រុក​, ឃុំ​សង្កាត់ ODF+ មាន​ចំនួន ១២៧​ឃុំ​/​សង្កាត់​, ភូមិ ODF+ មាន​ចំនួន ១,០១០​ភូមិ​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *