ក្រុមការងារ​ចុះ​ផ្ទៀងផ្ទាត់​ស្ថានភាព​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​កម្រិត​ខ្ពស់ (ODF+) ថ្នាក់​ខេត្ត​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្ទៀងផ្ទាត់​លើ​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​កម្រិត​ខ្ពស់ (ODF+)​ថ្នាក់ ក្រុង ស្រុក នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល​

​ខេត្ត​កណ្តាល​៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត ជា​ប្រធាន PWG និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ផ្ទៀងផ្ទាត់​ស្ថានភាព​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​កម្រិត​ខ្ពស់ (ODF+)​ថ្នាក់​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​(ODF+) រួមមាន រួមាន​មន្ទីរ​អភិវឌ្ឍន៍ជនប​ទ​ខេត្ត មន្ទីរ​ធម្មការ និង​សាសនា មន្ទីរ​កិច្ចការនារី ក្រុមការងារ​(DWG) ស្រុក តំណាង​នាយក​ប្រចាំ​ប្រទេស​អង្គការ water Aid បាន​ចុះ​ផ្ទៀងផ្ទាត់​លើ​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​កម្រិត​ខ្ពស់ (ODF+)​នៅ​ស្រុក​ខ្សាច់កណ្តាល​។

​ក្នុងឱកាស​ចុះ​ផ្ទៀងផ្ទាត់ ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត បានបញ្ជាក់​ថា​៖ ការចុះ​ផ្ទៀងផ្ទាត់ (ODF+) នៅ​ស្រុក​ខ្សាច់​កណ្ដាល​នា​ពេល​នេះ គឺជា​ការចុះ​វាយតម្លៃ​ដោយ​ថ្នាក់​ខេត្ត ដើម្បី​បញ្ជាក់​អំពី​សុ​ក្រិត​ភាព​នៃ​ការអះអាង​តាមរយ​:​សេចក្តីប្រកាស​ផ្ទៃក្នុង​(ODF+) របស់​រដ្ឋបាល​ស្រុក​ខ្សាច់កណ្តាល និង​ការផ្តល់​កិត្តិយស​ប្រកបដោយ​គុណ​តម្លៃ ជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ខ្សាច់កណ្តាល ដែល​បាន​ចូលរួម​ប្រតិបត្តិ​អនាម័យ​ល្អ ស្រប​តាម​គោលការណ៍​ណែនាំ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ។ បន្ទាប់​ពី​ការត្រួតពិនិត្យ​ថ្នាក់ ក្រុង​-​ស្រុក​បាន​បញ្ចប់​រួច​ជា​ស្ថាពរ​ហើយ ក្រុមការងារ​ថ្នាក់ជាតិ​នឹង​ចុះ​មក​វាយ​តម្លៃ​ថ្នាក់​ខេត្ត​វិញ​ម្ដង ។ ការចុះ​របស់​ថ្នាក់​ជាតិ​ក៏​ដូចជា​ថ្នាក់​ខេត្ត​ដែរ គឺ​មាន​ការចាប់​ឆ្នោត​យ​ក​ស្រុក ក្រុង ឃុំ សង្កាត់ និង​ភូមិ ដើម្បី​ចុះ​ត្រួតពិនិត្យ ។ ដូច្នេះ​អាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវ​ត្រៀម​ខ្លួន​ឱ្យ​រួចរាល់ ត្រូវ​ប្រាកដថា​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​គឺ​នៅ​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ សាលាស្រុក មណ្ឌល​សុខភាព សាលារៀន វត្ត​អារាម កា​រ៉ា​ស​សាំង អាហា​រដ្ឋា​ន និង​សាលាឃុំ ជាដើម​ត្រូវ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​បាន​ត្រឹមត្រូវ មាន​ភាព​ស្អាត មិន​មាន​ក្លិន មាន​ទឹក និង​សាប៊ូ សំដៅ​ធ្វើឱ្យ​ការចុះ​វាយតម្លៃ (ODF+) ក្នុង​ខេត្តកណ្ដាល​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។

​ឯកឧត្ដម បាន​បន្ថែមថា​៖ រដ្ឋបាល​ខេត្ត​កណ្តាល ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ធ្វើឱ្យ​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុងនោះ វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ មាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់ គឺ​សង្ឃឹម​ជឿជាក់ថា “​ខេត្តកណ្តាល​ធ្វើបាន​” ហើយ​ធ្វើ​បាន​យ៉ាង​ល្អ ដើម្បី​សម្រេច​ឱ្យបាន​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​កម្រិត​ខ្ពស់​(ODF+) ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។

​ឯកឧត្ដម អភិបាលរង​ខេត្ត មាន​ជំនឿ​ជឿជាក់ថា ការជំរុញ​ឱ្យ​សម្រេចបាន​(ODF+) នេះ​គឺ​ពិតជា​អាច​ធ្វើទៅបាន ហើយ​ធ្វើ​បាន​យ៉ាង​លឿន ថែមទៀត​ផង​។ ព្រោះ​បើ​យោង​លើ​សូចនាករ ដូច​ដែល​តំណាង​មន្ទីរ​អភិវឌ្ឍន៍ជនបទ បាន​លើក​ឡើង​នា​ពេល​មុន​នេះ គឺ​ខេត្ត​កណ្តាល​ហាក់ដូចជា​មាន​ស្ទើរ​គ្រប់​លក្ខខណ្ឌ​ស្រេច​ទៅហើយ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​យើង​មិន​ត្រូវ​មោទនភាព ដោយ​បោះបង់​ការព្យាយាម បោះបង់​ការអប់រំ​ផ្សព្វផ្សាយ និង​ការជំរុញ​បន្ថែម​លើ​ការងារ​អនាម័យ បរិស្ថាន ការសាងសង់​បង្គន់​ផ្ទាល់​ខ្លួន​បន្ថែម​ទៀត ក៏​ដូចជា​ការសាងសង់​បង្គន់​ប្រកបដោយ​បរិ​យាប​ន្ន នៅតាម​ស្ថាប័ន និង​អង្គភាព​ផ្តល់​សេវា​ផងដែរ​។ ដូច្នេះ​យើង​ត្រូវ​រួម​សាមគ្គី​គ្នា សហការគ្នា ប្តេជ្ញា​ធ្វើ​ឱ្យ​ស្ថានការណ៍​ប្រែប្រួល​ពី​ខេត្ត ODF ទី​៣ ទៅ​ជា​ខេត្ត​សម្រេចបាន (ODF+) នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *