​ឯកឧត្តម ជាវ តា​យ រួម​ដំណើរ​ជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាកសិករ នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត​

​ព្រឹក​.​ថ្ងៃ​សៅរិ៍ ៤​រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត​បា​ន​រួម​ដំណើរ​ជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​ចែក​សម្ភារៈ តង់​ប្លា​ស្ទិច កូន​ត្រី​អណ្តែង កូន​កង្កែប និង​ចំណី សម្រាប់​អនុវត្ត​សកម្មភាព​វារីវប្បកម្ម ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ជូន​ប្រជាកសិករ​ចំនួន ៥០​គ្រួសារ នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត ។ ក្នុង​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ដំណើរ​ដោយ ឯកឧត្តម លោកជំទាវ​រដ្ឋលេខាធិកា​រ គណៈប្រតិភូ​ក្រសួង អភិបាលរង​ខេត្ត មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ និង​ប្រជាកសិករ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​ការកោតសរសើរ​ដល់​គ្រួសារ​បងស្រី សែ​ត ធី ដែល​ជា​វា​រី​វប្បករ​គំរូ​នៅ​ទូទាំង​ស្រុក​អង្គរជ័យ​នេះ​ថា​៖ បងស្រី​បានចាប់ផ្តើម​អាជីព​ចិញ្ចឹម​ត្រី​តាំងពី​ឆ្នាំ​២០០៦ លើ​ផ្ទៃដី ២​ហ​ត ដោយ​ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​ពី​មន្ទីរ​កសិកម្ម និង​រដ្ឋបាល​ជលផល បងស្រី​បាន​ពង្រីក​មុខរបរ​នេះ​ជា​បណ្តើរៗ រហូតមក​ទល់​បច្ចុប្បន្ន​មាន​ស្រះ​ចិញ្ចឹម ១៥ ស្រះ ស្រះ​មេ​ពូជ ៣ មានលទ្ធភាព​ផលិត​កូន​ត្រី​គ្រប់​ប្រភេទ​បាន​ចំនួន ១​លាន​កូន និង​ត្រី​សាច់​បាន​ជាង ៤​តោន​/​ឆ្នាំ​។ អាជីព​នេះ គិត​ជា​មធ្យម​បាន​ចំណូល ៩០​លាន​រៀល​/​ឆ្នាំ ដក​ថ្លៃដើម​រួច​នៅ​សល់​ជាង ៥០​លាន​រៀល​/​ឆ្នាំ​។ ឯកឧត្តម វេង សាខុន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គួរតែ​ចូលរួម​ចិញ្ចឹម​ត្រី ក្នុងខណ​:​ដែល​ប្រទេសជាតិ​កំពុង​ជួប​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ដើម្បី​បង្កើត​មុខរបរ និង​រក​ចំណូល​មក​ផ្គត់ផ្គង់​គ្រួសារ ជៀសវាង​ធ្វើ​ចំណាកស្រុក​។​

​នៅក្នុង​ពិធី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី មាន​ចំណាប់អារម្មណ៍​យ៉ាង​យកចិត្តទុកដាក់ និង​វាយតម្លៃ​ខ្ពស់​លើ​សក្តានុពល​វិស័យ​កសិកម្ម​នៅ​មូលដ្ឋាន ដោយ​មាន​ការ​វិវឌ្ឍន៍​រីកចម្រើន​គួរ​ជាទី​មោទន បើទោះបី​ស្ថានភាព​សេដ្ឋកិច្ច​ជា​រួម​កំពុង​ជួប​បញ្ហា​ដោយសារ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់​ការគាំទ្រ​ពេញទំហឹង​ចំពោះ​រាល់​សកម្មភាព​ដែល​ជួយឧបត្ថម្ភ គាំទ្រ និង​ជំរុញ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​ក្នុង​មូលដ្ឋាន​តាម​គ្រប់​រូបភាព ធ្វើយ៉ាងណា​ចូលរួម​បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល ធានាបាន​នូវ​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ និង​ឈាន​ជា​ជំហានៗ​ទៅ​ធ្វើ​ការនាំចេញ​នាពេល​អនាគត​។

​ជាមួយគ្នា​នេះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត មក​ជូន​បងប្អូន​ខេត្ត​កំពត​ថា សម្តេច​ទាំង​ទ្វេរ តែងតែ​យកចិត្តទុកដាក់​ដល់​ជីវភាព​ប្រជាកសិករ​ជានិច្ច ចំពោះ​វិស័យ​វារីវប្បកម្ម​នេះ​ត្រូវបាន​ទទួល ការលើកទឹកចិត្ត និង​ជួយ​ឧបត្ថម្ភ​ថវិកា​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេជោ​ចំនួន ២០០០​លាន​រៀល ក្នុង​ឆន្ទ​:​ចូលរួម​បង្កើត​ការងារ ពង្រឹង និង​ពង្រីក​សកម្មភាព​ចិញ្ចឹម​ត្រី និង​កង្កែប​ជា​លក្ខណ​:​គ្រួសារ​ដើម្បី​បង្កើត​ចំណូល ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ​។

​ភ្ជាប់​ទៅនឹង​ជំនួយ​ឧបត្ថម្ភ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេជោ​ដែល​បាន​គិតគូរ យកចិត្តទុកដាក់​ខ្ពស់ និង​ផ្តល់​អនុសាសន៍​ល្អៗ​ដែល​ជា​ត្រីវិស័យ​សម្រាប់​ថ្នាក់ដឹកនាំ​ក្រសួង និង​អាជ្ញាធរ​ខេត្ត យកទៅ​អនុវត្ត​ឲ្យទាន់​សភាពការ​ណ៍​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន ធ្វើ​យ៉ាងណា​ពង្រឹង និង​ពង្រីក​វិស័យ​ផលិតកម្ម​ស្បៀង ធានា​ដល់​ការផ្គត់ផ្គង់​តម្រូវការ​ក្នុង​គ្រួសារ និង​ទីផ្សារ​ក្នុង​តំបន់​។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​អញ្ជើញ​ចែក​សម្ភារៈ​ជូន​ប្រជាកសិករ ក្នុង​១​គ្រួសារ ទទួលបាន​៖ ចំណី​ត្រី ៤​បាវ ថ្នាំ​វីតាមីន ៣​កញ្ចប់ កូន​ត្រី​អណ្តែង ៧០០​ក្បាល តង់​បា​ស្ទិច​ចំនួន​១ និង​ថវិកា ២​ម៉ឺន​រៀល​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *