សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​“​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី​ជំហាន​ទី​១ និង​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​គ្រឿងចក្រ​លើកដាក់​ចល័ត​នៅ​គែម​ផែ នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

នៅ​ព្រឹក ថ្ងៃ​សុក្រ ១០​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម អ៊ិ​ស៊ិបា​ស៊ិ រី​នតា​រ៉ូ អនុ​រដ្ឋមន្ត្រីក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ នៃ​ប្រទេស​ជប៉ុន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី “​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី​ជំហាន​ទី​១ ប្រវែង ៣៥០​ម៉ែត្រ និង​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គ្រឿងចក្រ​លើកដាក់​ចល័ត​នៅ​គែម​ផែ ចំនួន ០២​គ្រឿង ក្រោម​ឥណទាន​សម្បទាន និង​ជំនួយឥតសំណង ពី​រដ្ឋាភិបាល​ជប៉ុន​” ។

​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី​-​ជំហាន​ទី​១​នេះ មាន​ប្រវែង ៣៥០​ម៉ែត្រ ជម្រៅ​ទឹក​សាងសង់ ១៤,៥​ម៉ែត្រ​។ ផែ​កុងតឺន័រ​នេះ អាច​អនុញ្ញាត​ឱ្យ​នាវា​កុងតឺន័រ​មាន​ចំណុះ​ផ្ទុក ៦​ម៉ឺន​តោន ឬ​ស្មើនឹង ៤​ពាន់ TEUs ដែល​មាន​ផ្លូវ​ដឹក​ជញ្ចូន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទៅ​-​មក កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ហើយ​នឹង​បង្កើន​សមត្ថភាព​កំពង់ផែ​សរុប​កើន​ដល់​ប្រមាណ ១,២៥​លាន TEUs ក្នុង​មួយ​ឆ្នាំ​។​

​គម្រោង​នេះ អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​ជប៉ុន តូ​អា ខ​ប​ផើេរ​សិន (TOA Corporation) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន នី​ប​ផន ខូ​អេ (Nippon Koei) និង​ក្រុមហ៊ុន Oriental_Consultants Global ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៣៦​ខែ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២៦​។​

​ចំណត​ផែ​ទឹក​ជ្រៅ​ថ្មី​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២៤៣​លាន​ដុល្លារ​អាម៉េរិក រួមបញ្ចូល​ទាំង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ពន្ធអាករ​ផ្សេងៗ ផងដែរ​។ ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ជំហាន​ទី​១​នេះ នៅ​ពេល​ដាក់​ឱ្យ​ដំណើរការ​នឹង​អនុញ្ញាត​ឱ្យ​នាវា​ប្រមាណ ៩៣​ភាគរយ ក្នុង​តំបន់​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​បច្ចុប្បន្ន មាន​ត្រឹមតែ ១៨​ភាគរយ​ប៉ុណ្ណោះ អាច​ចូល​ចត​បាន ហើយ​តម្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​នឹង​អាច​កាត់បន្ថយ​បាន​ប្រមាណ ២០០​ដុល្លារ​ក្នុង​មួយ​TEU​។ តម្លៃ​នេះ​ប្រហាក់ប្រហែល​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ផ្ដល់​គ្រឿងចក្រ​លើកដាក់​ចល័ត​នៅ​គែម​ផែ ដែល​មាន​តម្លៃ​ជិត​១៤​លាន​ដុល្លារ និង ថវិកា​សម្រាប់​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​ព្រះសីហនុ​ជំហាន​ទី​១ ដែល​មាន​តម្លៃ ២៤៣ លាន ដុល្លារ​។ សម្ដេច​បន្តថា ផ្លូវទឹក នៅតែ​មាន​សារៈសំខាន់ សម្រាប់​ការធ្វើ​ចរាចរ​ដឹក​ជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម ដែល​ការធ្វើ​ពាណិជ្ជកម្ម​តាម​ផ្លូវទឹក​នេះ បាន​កើតមានឡើង​រាប់​សតវត្ស ហើយ ការសាងសង់​កំពង់ផែ​ទឹក​ជ្រៅ​ព្រះសីហនុ​ជំ ហា​នទី​១ នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៦​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ទៀតថា ឆ្នាំ​២០២៣ ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន មាន​លក្ខណៈ​ពិសេស​ចំនួន ២ នោះ​គឺ ខួប ៧០ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន និង​ការលើកកម្ពស់​ទំនាក់ទំនង​ការទូត កម្ពុជា​-​ជប៉ុន ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​ជា​ទំនាក់ទំនង​ខ្ពស់បំផុត មិន​ធ្លាប់​មាន​នៅក្នុង​ប្រវត្តិសាស្ត្រ នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ទៀតថា ចំពោះ​ការសិក្សា​ពង្រីក​បន្ថែម​កំពង់ផែ​ទឹកសាប​កម្ពុជា ត្រូវ​ឱ្យមាន​ការចូលរួម​ពី​វិស័យ​ឯកជន​ផងដែរ ដោយ​អនុវត្ត​ស្រប​តាម​រូបមន្ត ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​។ សម្តេច​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ជប៉ុន និង​បណ្ដា​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត ដែល​កន្លងមក​បាន​ផ្ដល់​ឥណទាន​ដល់​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​ជា​បន្តបន្ទាប់​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី​បានអោយដឹង​ទៀត​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ឆាប់ៗ​នេះ នាវា Westerdam ដែល​ធ្លាប់​កម្ពុជា​អនុញ្ញាត​ឱ្យ​ចូល​ចត​នៅ​អំឡុង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ នឹង​មកដល់​កម្ពុជា ដោយ​នាំ​ទេសចរ​ប្រមាណ ៤០០០ នាក់​ដែល​រស់នៅ​ប្រទេស​ជាច្រើន មក​កម្សាន្ត​ទស្សនា​នៅ​កម្ពុជា​។ សម្តេច​បន្ត​ទៀត​ថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការរួមចំណែក​គាំទ្រ​ដល់​ការរីកចម្រើន និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​។ ទំនិញ​ឆ្លងកាត់​នៅក្នុង​កំពង់ផែ​នេះ គឺ​មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ធ្វើឱ្យ​ប្រាក់ចំណូល​របស់​កំពង់ផែ ក៏ដូចជា​ប្រាក់ចំណូល​របស់​ជាតិ​មាន​ការកើនឡើង​ជា​លំដាប់ ពោល​គឺ​ក្នុង រយៈពេល ១១​ខែ ឆ្នាំ​២០២៣ បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ព្រះសីហនុ​មាន​ចំនួន​ជាង ៧ លាន​តោន កើនឡើង ១១,៣៤ ភាគរយ ដោយ​រក​ចំណូល​អាជីវកម្ម​សរុប​មាន​ចំនួន​ជាង ៨៥ លាន​ដុល្លារ​អាមេរិក កើនឡើង ២,៧១ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា ក្រោយ​សាងសង់​រួច​កំពង់ផែ​ទឹក​ជ្រៅ​ព្រះសីហនុ នឹង​មាន​នាវា​ដែល​ផ្ទុកទំនិញ​បាន​ប្រមាណ ៦០០០០ តោន​ចូល​ចត​បាន និង​មាន​សមត្ថភាព​ទទួល នាវា​ក្នុង​តំបន់​ប្រមាណ ៩៣ ភាគរយ ឱ្យ​ចូល​ចត​។ សម្តេច​ធិបតី បាន​មានប្រសាសន៍​ទៀតថា កំពង់ផែ​កម្ពុជា គឺជា​ចំណុចកណ្ដាល​នៃ​កំពង់ផែ ដ៏​រវល់​របស់​ថៃ និង​វៀតណាម ហេតុ​នេះ​ត្រូវ​ពង្រីក​សក្ដានុពល​ឱ្យបាន​កាន់តែ​ច្រើន ដើម្បី​ទទួល​ការ លើកដាក់​ទំនិញ​ឱ្យបាន​កាន់តែ​ប្រសើរ​ថែម​ទៀត​។​

​នៅថ្ងៃនេះ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា គម្រោង​ព្រែកជីក​ហ្វូណន​តេជោ និង​ការពង្រីក​កំពង់​ផែ​ខេត្ត​ព្រះសីហនុ គឺ​ដើម្បី​បម្រើ​សក្ដានុពល​សេដ្ឋកិច្ច លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​រីក​ច្រើន​បន្ថែមទៀត ដោយ​គ្មាន​អ្វី​ដែល​ជា​អាថ៍កំបាំង​នោះទេ​។​
​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដែល​ភ្ជាប់​ពី​ទន្លេ​ទៅ​តំបន់​សមុទ្រ គឺ​ដើម្បី​បម្រើ​សក្ដានុពល​សេដ្ឋកិច្ច និង​បម្រើ​ដល់​ការដឹកជញ្ជូន ហើយក៏​មិន​មាន​អ្វី​ជា​អាថ៌កំបាំង​ត្រូវ​លាក់លៀម​នោះដែរ​។​

​សម្តេច​ធិបតី បានស្នើ​ឯកឧត្តម​អនុ​រដ្ឋមន្ត្រីក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន ជួយ​សម្របសម្រួល​ឱ្យមាន​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធន៍រ​វាង​មន្ដ្រី​កម្ពុជា និង​ជប៉ុន​លើ​កិច្ច​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដើម្បី​កម្ពុជា​អាច​ទទួលបាន​បទពិសោធ​ន៍​បន្ថែមទៀត លើ​កិច្ច​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា និង​សូម​ជួយ​ចែករំលែក ចំណេះដឹង និង​បទពិសោធន៍​នានា​ពាក់ព័ន្ធ​នឹង​ការងារ​បច្ចេកទេស​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដល់​កម្ពុជា​។​

​ជាមួយនឹង​ការប្រកាស​សាងសង់ ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី​ជំហាន​ទី​១ និង​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​គ្រឿងចក្រ​លើកដាក់​ចល័ត​នៅ​គែម​ផែ នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នា​ថ្ងៃនេះ សម្ដេច​មហា​បបរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *