សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មន្ទីរពេទ្យបង្អែក ស្រុក​ក្រូចឆ្មារ​

នៅ​ព្រឹក ថ្ងៃ​ចន្ទ ១៣​កើត ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ​ថ្មី ដែល​នឹង​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ មាន​អគារ​ធំៗ​ចំនួន ២ ដែល​បាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ ២០២០​កន្លងទៅនេះ ស្ថិតនៅ​ភូមិ​ខ្សាច់​ប្រឆេះ​លើ ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដោយ​មាន​ទំហំ​ប៉ុន​គ្នា កម្ពស់ ៤ ជាន់ ស្មើ ១៥,១០ ម៉ែត្រ រួម​មាន​ជាន់​ផ្ទាល់​ដី ជាន់​ទី ១ ជាន់​ទី ២ ជាន់​ទី ៣​។​

​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ​ថ្មី​នេះ ត្រូវបាន​សាងសង់​ក្នុង​ទីតាំង​មន្ទីរពេទ្យបង្អែក​ចាស់ និង​មាន​ការ​បំពាក់​នូវ​សម្ភារ​បរិក្ខារ​ពេទ្យ​ទំនើបៗ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រា​នី ហ៊ុន​សែន ហើយ​ដឹកនាំ​ការសាងសង់​ដោយ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ​ជាមួយ​សមិទ្ធផល​ថ្មី​នៅលើ​ទឹកដី​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​នេះ គឺ​អគារ​មន្ទីរពេទ្យ​ដ៏​ធំ​សម្រាប់​បម្រើ​វិស័យ​សុខាភិបាល​នៅ​ទីនេះ​។​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​កោតសរសើរផ​ង​ដែរ​ដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ប្រឹងប្រែង​ដឹកនាំ​កសាង​មន្ទីរពេទ្យ​ដ៏​ធំ​នៅក្នុង​ស្រុក​ក្រូចឆ្មារ​នេះ​។​ការប្រឹងប្រែង​សាងសង់​មន្ទីរពេទ្យ​នេះ គឺជា​កិច្ចប្រឹងប្រែង​មួយ​ក្នុង​ការលើកកម្ពស់​សុខុមាល​ភាព​របស់​ប្រជាពលរដ្ឋ មិន​ត្រឹមតែ​បំរើ​សេវា​សុខាភិបាល​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បម្រើ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ផ្សេងៗ​ដែល​នៅ​ជិត​នេះ​បាន​ផង​ដែរ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា ស្រុក​ក្រូចឆ្មារ​ពីមុន​ជា​តំបន់​ដាច់ស្រយាល និង​មិន​មាន​ប្រព័ន្ធ​ហេដ្ឋរចនាសម្ព័ន្ធត​ភ្ជាប់​ច្រើន​នោះ​ទេ ដែល​ពេលនោះ អ្នកជំងឺ​ខ្លះ​ពេល​សង្គ្រោះបន្ទាន់​ត្រូវ​រក​សេវា​ព្យាបាល​នៅ​កន្លែង​ឆ្ងាយ ដែល​ធ្វើអោយមាន​ការលំបាក​យ៉ាងខ្លាំង​។
​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ជំងឺ​កូវី​ដ​១៩ បាន​ដាស់តឿន​ស្មារតី​ឱ្យ​យើង​ប្រុងប្រយ័ត្ន​ជានិច្ច ក្នុង​ការការពា​រសុខ​ភាព​ប្រជាជន​។ នៅពេល​មានកូ​វីដ​១៩ រាជរដ្ឋាភិបាល​យើង​បាន​ពង្រឹងសមត្ថភាព​ការព្យាបាល​ជំងឺ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា មនុស្ស​យើង​អាច​មាន​ពណ៌​សម្បុរ សាសនា និង​នយោបាយ​ខុសគ្នា ប៉ុន្តែ​មាន​តម្រូវការ​រួម គឺ​ការពិនិត្យ​ព្យាបាល​ជំងឺ ហើយ​សន្តិភាព ក៏​ជា​តម្រូវការ​រួម​ផងដែរ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ផ្តាំ​ទៅកាន់​អ្នកគ្រប់គ្រង និង​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មា​រថា ការសាងសង់​មន្ទីរពេទ្យ និង​បំពាក់​បរិក្ខារ​ជា​ការលំបាក​មួយ​ទៅហើយ ប៉ុន្តែ​ការធ្វើ​ឱ្យ​មន្ទីរពេទ្យ​ធានាបាន​និរន្តរភាព គឺ​រឹតតែ​លំបាក​ទៀត​។

​នៅថ្ងៃនេះ តប​តាម​ការស្នើសុំ​របស់​លោក​គ្រូ អ្នកគ្រូ ដែល​បង្រៀន​សិស្សានុសិស្ស​នៅ​ស្រុក​នេះ សម្តេច​តេជោ បានសម្រេច​ផ្តល់​អគារសិក្សា ១​ខ្នង ៣​ជាន់ ៣០​បន្ទប់ និង​កន្លែង​សម្រាប់​សិស្ស និង​គ្រូ ២០​បន្ទប់ ដល់​វិទ្យាល័យ​ប៉ើស​២ នៅ​ស្រុក​ក្រូចឆ្មារ​។ ជាមួយ​នោះ​ដែរ សម្តេច​តេជោក៏បាន​សម្រេ​ច​ផ្តល់​អគារសិក្សា ១​ខ្នង ៣​ជាន់ ១៥​បន្ទប់ ជូន​សាលាបឋមសិក្សា​អំពិល ដែល​ស្ថិត​នៅក្នុង​ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នេះ​ដូច​គ្នា​។

​សម្តេច​តេជោ រំពឹងថា អ្នកស្រុក​ក្រូចឆ្មារ នឹង​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ដើម្បី​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​ឱ្យមាន​ការរីកចម្រើន​ត​ទៅ​មុខ​ទៀត​។ សម្តេច​តេជោ​បាន​ថ្លែងថា ដរាបណា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ដឹកនាំ​ប្រទេស គឺ​នឹង​បន្ត​ធានាបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​សម្តី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ហាម​មិនឱ្យ​មហាអំណាច​លូកដៃ​ចូល​កិច្ចការ​ប្រទេស​អាស៊ាន​។ ស​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ឆ្នាំនេះ​ជា​ខួប ៤៥​ឆ្នាំ នៃ​ការបង្កើត​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ជា​កម្លាំង​ប្រដាប់​ដែល​សម្តេច​បង្កើតឡើង ដើម្បី​តស៊ូ​រំដោះ​ជាតិ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។​

​ជាមួយនឹង​ការប្រកាស និង​អញ្ជើញ​កាន់​ខ្សែបូរ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ក្រូចឆ្មារ​នេះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួបតែ​សេចក្តីសុ​ខ សេចក្តីចម្រើន ជាពិសេស​នៅក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *